វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 471 / 1268
-
ប្រោះស្វា នាម
ឈ្មោះប្រោះព្រៃស្លឹកដូចគ្នានឹងប្រោះតែមើមមានក្លិនហាងឆួល, ស្លឹកខ្ចីប្រើការហាន់ញាំឬប្រើជាអន្លក់, ជាបន្លែក៏បាន
-
ប្រះ កិរិយាសព្ទ
ផ្អៀងខ្លួនដេក, រំលំខ្លួនឬផ្ដួលខ្លួនដេក
-
ប្រះដេកគ្រេង
ប្រះដេកដោយទម្លាក់ខ្លួនខ្លាំងមានអាការៈប្រហែសដូចក្របីប្រះដេក។
-
ប្រះដៃប្រះជើង
បោះដៃបោះជើងរឿយៗដោយហេតុរសេះរសោះខ្លាំងឬដោយអន្ទះអន្ទែងក្នុងខ្លួន
-
ប្រះប្រាណ
ផ្ដួលខ្លួនបម្រះននៀល
-
ប្រ៊ុយសែឡូស នាម
( ម . ព . ប៊្រុយសែឡា )។
-
ប្លក់ ឧទានសព្ទ
សូរឮដោយធ្លាក់អ្វីតូចទៅក្នុងរន្ធឬដោយឆ្កែលិទ្ធទឹកជាដើម។
-
ប្លក់ៗ ឧទានសព្ទ
( ម . ព . ប្លក់ )។
-
ប្លង់ នាម
( វ . វិចិ .) គំនូសបំប្រួញពីរវិមាត្រដែលមានខ្នាតបញ្ជាក់ដោយបង្ហាញអំពីទីតាំងនិងទំហំឬផ្នែកណាមួយ។ផែនទីលម្អិតដែលបង្ហាញពីអគារឬទីក្រុង, គំនូរលម្អិតដែលបង្ហាញពីអគារ។ផែនទីផ្ទៃរាបខ្នាតតូចដែលជាកំណត់ត្រាដោយគំនូសបង្ហាញពីទម្រង់និងលក្ខណៈទីតាំងនៃបុរាណវត្ថុសិល្បៈបុរាណអចលនវត្ថុបុរាណសរីរវត្ថុបុរាណភូគព្ភវត្ថុនិងរចនាសម្ព័ន្ធសំណង់ដែលអាចមើលឃើញនៅក្នុងស្ថានីយឬរណ្ដៅកំណាយ។
-
ប្លង់ដី នាម
ប័ណ្ណកម្មសិទ្ធិឬប័ណ្ណកាន់កាប់ដីធ្លីឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
-
ប្លង់តុង នាម
សរីរាង្គរុក្ខជាតិនិងសត្វដែលរស់នៅក្នុងទឹកស្ទឹងបឹងទន្លេឬសមុទ្រ
-
ប្លង់ទន់ នាម
ប័ណ្ណកម្មសិទ្ធិដែលផ្ដល់ដោយការិយាល័យឃុំសង្កាត់ឬស្រុកខណ្ឌហើយមិនទាន់បានចុះឈ្មោះជាលក្ខណៈជាតិនៅឡើយប៉ុន្តែវានៅតែជាប័ណ្ណកម្មសិទ្ធិស្របច្បាប់
-
ប្លង់មេរៀន នាម
ចំណុចសង្ខេបសំខាន់ៗនៃមេរៀនដែលរៀបចំតាមលំដាប់លំដោយសម្រាប់បង្រៀន
-
ប្លង់ស្លាបមាន់ នាម
ប័ណ្ណឬវិញ្ញាបនបត្រមួយប្រភេទដែលបញ្ជាក់សិទ្ធិកាន់កាប់និងកម្មសិទ្ធិលើដីធ្លីដែលចេញដោយអាជ្ញាធរឬរដ្ឋបាលសុរិយោដីថ្នាក់ខេត្តក្រុងរាជធានីប្លង់រដ្ឋកម្ពុជា។
-
ប្លត គុណកិរិយាគុណនាម
ដែលឥតមាន, សូន្យ, ឃ្វាង, មិនប្រទះ, ទទេ
-
ប្លន់ កិរិយាសព្ទ
ផ្គុំឬចងគ្នាជាពួកមានគ្រឿងសស្ត្រាវុធរាល់ដៃចូលកំហែងគំរាមបៀតបៀនយកទ្រព្យគេ។
-
ប្លប់ ឧទានសព្ទ
សូរឮដោយត្របាក់, ដោយពមបោះក្នុងមាត់ជាដើម។
-
ប្លម កិរិយាសព្ទ
ក្លែងលាយចូលដោយបន្លំឬដោយធៀបថាជាពិតជាមែន
-
ប្លាកែត នាម
បំណែកកោសិកានៅក្នុងឈាមដែលមានមុខងារធ្វើឱ្យឈាមកក
-
ប្លាច់ ឧទានសព្ទ
សូរឮដោយបុកឬរុកអ្វីៗដែលជ្រាយ ( ព . អា .)។
-
ប្លាច់ៗ ឧទានសព្ទ
( ម . ព . ប្លាច់ )។
-
ប្លាញៗ គុណកិរិយាគុណនាម
ដែលជ្រាយៗរអិលៗផ្ដៀចៗ
-
ប្លាត កិរិយាសព្ទគុណកិរិយា
ជ្រលួស, ជ្រួសហួសមិនត្រូវតាមកំណត់, តាមកន្លែងដែលសំដៅ
-
ប្លាតសម្ដី កិរិយាសព្ទ
ជ្រួសឬជ្រលួសសម្ដី។
-
ប្លាធូ នាម
ឈ្មោះត្រីសមុទ្រមួយប្រភេទ
-
ប្លាប កិរិយាសព្ទ
ឆៀងចូលមួយស្របក់, រំលែកវេលាឆ្លៀតចូលមួយភ្លែត, ហួសទៅមួយភ្លែត។
-
ប្លាប់ ឧទានសព្ទ
សូរឮដោយវាយ, ទះ, ទាត់ជាដើម។
-
ប្លាយ គុណនាម
ដែលលើសបន្តិចបន្តួចពីចំនួនគត់
-
ប្លាស្មា នាម
ធាតុផ្សំម៉្យាងនៃឈាមជាទឹកពណ៌លឿងខ្ចីហើយមានបរិមាណរហូតដល់៥៥ភាគរយ
-
ប្លាំ កិរិយាសព្ទ
ល្បងមើលឱ្យដឹងកម្លាំងគ្នាជាមុន, សាកកម្លាំងនិងសមត្ថភាពគ្នាឱ្យដឹងជាមុន ( ចំពោះតែការលេងល្បងកម្លាំងគ្នា )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។