វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 16 / 27
-
គោត្រភូញាណ នាម
ប្រាជ្ញាជាន់ខ្ពស់ដែលជិតនឹងបានសម្រេចសោតាបត្តិមគ្គ។
-
គោត្រភូសង្ឃ នាម
សង្ឃតវង្សត្រកូលគឺពួកអ្នកបួសក្នុងព្រះពុទ្ធសាសនាដែលប្រព្រឹត្តឃ្លៀងឃ្លាតចាកធម៌វិន័យស្ទើរតែនឹងទាំងអស់គ្រាន់តែមានភេទជាអ្នកបួសដោយឥតមានក្លែងក្លាយឬរង្កៀសសង្ស័យឡើយប៉ុណ្ណោះឯង, ដោយហោចទៅសូម្បីនៅត្រឹមតែយកសំពត់ជ្រលក់ពណ៌អម្ចត់មកចងនឹងកខ្លះសៀតនឹងត្រចៀកខ្លះប៉ុណ្ណោះដោយមានការប្ដេជ្ញាសម្គាល់ខ្លួនថាជាអ្នកបួសដោយពិតឥតមានសង្ស័យព្រោះបានទទួលផ្នួសអំពីគ្រូអាចារ្យមក, យ៉ាងនេះហៅថាគោត្រភូសង្ឃ; លុះចំណេរកាលយូរអង្វែងឆ្ងាយៗទៅក្នុងអនាគតខាងមុខសង្ឃពួកនេះនឹងកើតមានជាប្រាកដ។
-
គោទាវរី នាម
ឈ្មោះស្ទឹងធំមួយក្នុងប្រទេសឥណ្ឌាប៉ែកខាងទក្ខិណាបថ ( ឌេក្ខ័ណ )។ពាក្យសម្រាប់ប្រើក្នុងរឿងរ៉ាវខាងព្រះពុទ្ធសាសនា។
-
គោធិក នាម
ទន្សង, ត្រកួត ( ពាក្យនេះមានប្រើតែក្នុងសាស្ត្រាប្រែរយនិងសាស្ត្រាល្បែងពាក្យកាព្យបុរាណខ្លះ )។
-
គោបា នាម
គោដែលគេមិនក្រៀវទុកធ្វើបា, គោដែលជាបាឈ្នះឈ្នានលើហ្វូង។
-
គោបាល នាម
អ្នកចិញ្ចឹមគោ, អ្នករក្សាគោ, អ្នកឃ្វាលគោ, គង្វាលគោ
-
គោពពាលឆ្ងក
គោដែលពពាលត្រង់ឆ្ងក។
-
គោព្រៃ នាម
គោដែលមានពូជកើតក្នុងព្រៃរស់នៅក្នុងព្រៃ ( មានតែក្នុងខែត្រកំពង់ធំ ), ជាគោមានមាឌធំៗ, ស្នែងមានរំពត់រមួល, សម្បុរខ្លួនខ្មៅរលើប, មានពពាលសត្រង់កជើងទាំង៤ ( ហៅថាចាំងជើង ) ក្នុងសម័យបុរាណព្រេងនាយ, គេទាក់យកកូនឈ្មោលស្ទាវៗមកផ្សាំងលុះវាធំឡើងគេទុកវាជាបាក្រោល, កូនកាត់ពីបានោះបើឈ្មោលមានមាឌធំៗស្រដៀងនឹងបាវាមានរំពត់ស្នែងដូចបាវាដែរ, គេហៅថាគោខ្មែរកូនគោខ្មែរនេះគេហៅគោល្បាយ, លុះតពូជរៀងចុះមកគេក៏នៅតែហៅគោទាំងនោះថាគោខ្មែរៗជាប់រហូតមក, គោពូជផ្សេងអំពីពូជគោខ្មែរនោះដោយហេតុគេនាំយកពីប្រទេសសៀមមក, ហៅថាគោសៀម, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះឈ្មោះទាំងនោះក៏រលុបបាត់អស់ទៅហើយនៅមានតែពាក្យថាគោៗប៉ុណ្ណោះឯង។បាគោព្រៃនោះបើវារោទ៍រំពងដែលហៅថាសូរមួយយោបំគោឧសភឮទៅដល់ទីណាមេគោទាំងឡាយក្នុងទីនោះលុះសម្រាលកូនមកកូននោះក៏កាត់បានមកបាឧសភនោះដែរ។ក្នុងរជ្ជកាលព្រេងនាយត្រូវឧកញ៉ាពហុលទេព ( ចៅហ្វាយត្រួតត្រាខាងគោ ) ហូតយកគោកូនកាត់ក្នុងមួយក្រោលត្រូវហូតយកមួយមកបញ្ចូលជាគោព្រះរាជទ្រព្យហៅថាហូតភ្នែកបាម្ចាស់ក្រោលត្រូវតែយល់ព្រមឱ្យដកហូតព្រោះជាការចាំបាច់តាមមាត្រាច្បាប់ក្រមពហុលទេព ...។
-
គោព្រោះ នាម
( ព . បុ .) គោស្ទាវ
-
គោម នាម
ប្រទីបមានឡត, មានប្រឆេះ, មានលំផូង; មានច្រើនបែបច្រើនយ៉ាងរូបរាងសណ្ឋានផ្សេងៗគ្នា, សម្រាប់ប្រើកាន់លើកដាក់បានហៅថាគោមដៃ; សម្រាប់ព្យួរហៅថាគោមព្យួរ ...។
-
គោមពស់ថ្លាន់ នាម
ក្រឡាបួនជ្រុងឬក្រឡាមានសណ្ឋានផ្សេងដែលមានលើខ្នងពស់ថ្លាន់។
-
គោមហូល នាម
ក្រឡាបួនជ្រុងឬបួនជ្រុងព្នាយឬក្រឡាមានសណ្ឋានផ្សេងដែលមាននៅលើសាច់សំពត់ហូល។
-
គោមហោះ នាម
គោមធ្វើដោយក្រដាសស្ដើងមានសណ្ឋានស្រដៀងនឹងជាលអម្រែកសម្រាប់អុជបង្ហោះទៅឯអាកាស។
-
គោមូត្រ នាម
ឈ្មោះគ្រឿងវណ្ណយុត្តិមួយយ៉ាងមានសណ្ឋានស្រដៀងនឹងកង្កាញ់ទឹកនោមគោ (៚) សម្រាប់ប្រើសរសេរដាក់ត្រង់កន្លែងបញ្ចប់សេចក្ដីដែលចប់អស់ហើយត្រឹមប៉ុណ្ណោះ, ច្រើនប្រើក្នុងទីចប់ស្រេចនៃកាព្យ។គ្រឿងវណ្ណយុត្តិនេះអ្នកលង្កាទ្វីបប្រើដាក់ត្រង់ទីចប់នៃគាថាបាលីមួយៗសម្គាល់ជាខ្យល់សំឡេងរនរន្ថាន់ដូចកង្កាញ់រលកតាមទំនងបទសរភញ្ញម្យ៉ាងដែលហៅថាតរង្គៈ; ប្រហែលជាពួកបុព្វបុរសរបស់យើងពីដើមប្រើបែបនេះតាមលង្កាទ្វីបសម្រាប់ដាក់ចំពោះតែត្រង់កន្លែងបញ្ចប់ពាក្យកាព្យឃ្លោងជាគ្រឿងសម្គាល់សំឡេងរនទេដឹង? លុះយូរៗតមកទោះបីពាក្យរាយក៏ប្រើវណ្ណយុត្តិនេះដែរ។
-
គោមួយ នាម
ឈ្មោះឈើតូចមួយប្រភេទសម្រាប់ប្រើជាថ្នាំរំងាប់រោគ
-
គោមួយក្រោលដោលតែគ្នាឯង
( ព . ទ . បុ .) បងប្អូនក្នុងក្រុមគ្រួសារតែមួយរករឿងឈ្លោះប្រកែកតែគ្នាឯង។
-
គោម៉ នាម
ឈ្មោះសត្វល្អិតពួកស្រគោមតែធំទ្រើសជាងស្រគោមមានជើងវែងៗសម្បុរក្រហមពព្រុសខ្លះខ្មៅពព្រុសខ្លះមានពុកមាត់សណ្ឋានស្នែង។
-
គោម័យ នាម
បាយអអាចម៍គោស្រស់លាយដីដំបូកនិងចំបើងបូកជញ្ជាំងប្រដឹស, ច្រើនមានប្រើតែពីក្នុងសម័យបុរាណហៅថាបាយអគោម័យ។
-
គោយន្ត នាម
គ្រឿងយន្តកសិកម្មមួយបែបដែលអាចភ្ជួររាស់ដឹកជញ្ជូនជាដើម
-
គោរក្ខកម្ម នាម
ការរក្សាគោ, របរចិញ្ចឹមគោ
-
គោរក្ខា នាម
ការរក្សាគោ, ការថែគោ, របរចិញ្ចឹមគោ។
-
គោរព នាម
សេចក្ដីលំអុត, លំអុតលំឱន, ឱនលំទោន, ដំណើរប្រតិបត្តិតាមសេចក្ដីកោតក្រែង, ដំណើរយកចិត្តទុកដាក់។
-
គោរម គុណនាមនាម
ដែលមានសូរសព្ទរងំ, ត្រូវចួន, ត្រូវចង្វាក់ត្រូវបែបបទគួរឱ្យរីករាយ, គួរចាប់ចិត្តស្រើបស្រាល, ស្រណោះ
-
គោរមងារ នាម
របៀបពាក្យដ៏ឧត្តមបន្ថែមតពីងារទៅទៀតជាពាក្យសរសើរងារ, សម្រាប់ប្រើសរសេរចំពោះតែការចេញសំបុត្រដីកាធំៗ។
-
គោរមនាម នាម
ពាក្យសរសើរបន្ថែមទៅលើនាមដែលតែងតាំងឡើងឬពាក្យសរសើរនាមឱ្យឧត្តមឡើង
-
គោរម្យ៍ គុណនាមនាម
( ម . ព . គោរម )។
-
គោរម្យ៍ងារ នាម
( ម . ព . គោរមងារ )។
-
គោរស នាម
រសកើតអំពីគោគឺរសនៃទឹកដោះគោ; ក្នុងសម័យពីដើមសំដៅយកតែ៥យ៉ាងគឺទឹកដោះស្រស់, ទឹកដោះថ្លា, ទឹកដោះខាប់, ទឹកដោះជូរ, ទឹកដោះជូរឡើងពពុះទាំង៥នេះហៅថាបញ្ចគោរស។
-
គោរាត នាម
ឈ្មោះសត្វវារិជជាតិពួកក្អាត់តែមានសំឡេងឮធំស្អារំពងខ្ទ័រត្រចៀកយំតែក្នុងវេលាយប់។
-
គោរួស នាម
គោដែលរហ័សស្រណុកប្រើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។