គោព្រៃ
អត្ថន័យ
-
1
នាម
គោដែលមានពូជកើតក្នុងព្រៃរស់នៅក្នុងព្រៃ ( មានតែក្នុងខែត្រកំពង់ធំ ), ជាគោមានមាឌធំៗ, ស្នែងមានរំពត់រមួល, សម្បុរខ្លួនខ្មៅរលើប, មានពពាលសត្រង់កជើងទាំង៤ ( ហៅថាចាំងជើង ) ក្នុងសម័យបុរាណព្រេងនាយ, គេទាក់យកកូនឈ្មោលស្ទាវៗមកផ្សាំងលុះវាធំឡើងគេទុកវាជាបាក្រោល, កូនកាត់ពីបានោះបើឈ្មោលមានមាឌធំៗស្រដៀងនឹងបាវាមានរំពត់ស្នែងដូចបាវាដែរ, គេហៅថាគោខ្មែរកូនគោខ្មែរនេះគេហៅគោល្បាយ, លុះតពូជរៀងចុះមកគេក៏នៅតែហៅគោទាំងនោះថាគោខ្មែរៗជាប់រហូតមក, គោពូជផ្សេងអំពីពូជគោខ្មែរនោះដោយហេតុគេនាំយកពីប្រទេសសៀមមក, ហៅថាគោសៀម, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះឈ្មោះទាំងនោះក៏រលុបបាត់អស់ទៅហើយនៅមានតែពាក្យថាគោៗប៉ុណ្ណោះឯង។បាគោព្រៃនោះបើវារោទ៍រំពងដែលហៅថាសូរមួយយោបំគោឧសភឮទៅដល់ទីណាមេគោទាំងឡាយក្នុងទីនោះលុះសម្រាលកូនមកកូននោះក៏កាត់បានមកបាឧសភនោះដែរ។ក្នុងរជ្ជកាលព្រេងនាយត្រូវឧកញ៉ាពហុលទេព ( ចៅហ្វាយត្រួតត្រាខាងគោ ) ហូតយកគោកូនកាត់ក្នុងមួយក្រោលត្រូវហូតយកមួយមកបញ្ចូលជាគោព្រះរាជទ្រព្យហៅថាហូតភ្នែកបាម្ចាស់ក្រោលត្រូវតែយល់ព្រមឱ្យដកហូតព្រោះជាការចាំបាច់តាមមាត្រាច្បាប់ក្រមពហុលទេព ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)