វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 455 / 1268
-
ប្រព្រឹត្ត កិរិយាសព្ទ
ធ្វើ, ធ្វើតាម, ប្រតិបត្តិតាម, កាន់វត្តប្រតិបត្តិ
-
ប្រព្រឹត្តការណ៍
ប្រព្រឹត្តកាល; ប្រព្រឹត្តិសាស្ត្រដូចគ្នានឹងបវត្តិការណ៍ឬបវត្តិហេតុ; បវត្តិកាល; បវត្តិសាស្ត្រដែរ។
-
ប្រព្រឹត្តមិនឱ្យល្អៀងអំពីព្រត
ប្រព្រឹត្តមិនឱ្យមានមោះហ្មងឃ្លាតចាកសីលធម៌របស់អ្នកបួស ( ច្រើនប្រើចំពោះតែចរិយារបស់ឥសី, ឯខាងបព្វជិតពុទ្ធសាសនិកច្រើនតែប្រើពាក្យថាផ្នួស )។
-
ប្រព្រឹត្តិ នាម
ការធ្វើតាម, ការកាន់វត្តប្រតិបត្តិ; ដំណឹង; ហេតុ, ដើមហេតុ; រឿងរ៉ាវ; ពង្សាវតារ
-
ប្រព្រឹត្តិកម្ម នាម
ការប្រព្រឹត្តទៅ, ដំណើរការ, ការទទួល, ការសម្អាត, ការព្យាបាល
-
ប្រព្រឹត្តិការ នាម
មុខងារ, តួនាទី, ភារកិច្ច, ទំនួលខុសត្រូវនៅក្នុងការងារ។
-
ប្រព្រឹត្តិការណ៍ នាម
ប្រព្រឹត្តិកាល; ប្រព្រឹត្តិសាស្ត្រដូចគ្នានឹងបវត្តិការណ៍ឬបវត្តិហេតុ; បវត្តិកាល; បវត្តិសាស្ត្រដែរ។
-
ប្រព្រឹត្តិហេតុ នាម
( ម . ព . ប្រព្រឹត្តិការណ៍ )។
-
ប្រភព នាម
ដែនកើត, ទីដែលកើតមុន, ហេតុដែលបណ្ដាលឱ្យកើត, ដើមកំណើត
-
ប្រភស្សរ នាម
សម្បុរភ្លឺផ្លេកៗ
-
ប្រភា នាម
ពន្លឺ, រស្មី។
-
ប្រភាករ នាម
អ្នកធ្វើពន្លឺគឺព្រះអាទិត្យ, ព្រះចន្ទ្រ, ភ្លើង។
-
ប្រភាត នាម
អរុណោទ័យគឺពេលព្រះអាទិត្យរះ, ព្រឹកព្រហាម។
-
ប្រភាព នាម
អានុភាព, អំណាច, កម្លាំង ( រ . ស .)
-
ប្រភាមណ្ឌល នាម
ពន្លឺរាងមូលនៅជុំវិញព្រះសិរសារបស់ព្រះឬសន្តបុគ្គល។
-
ប្រភាស នាម
ពោល, ស្ដី, និយាយ; ( រ . ស .) ត្រាស់; មានព្រះតម្រាស់
-
ប្រភូ នាម
ម្ចាស់, ចៅហ្វាយ។
-
ប្រភើច កិរិយាសព្ទ
ភើចទៅភើចមក, ភើចរឿយៗ, ភើចយឺតមិនលែង។
-
ប្រភើចប្រទាញ កិរិយាសព្ទ
ភើចទាញទៅវិញទៅមក, ភើចទាញរឿយៗ, ភើចទាញយឺតៗ។
-
ប្រភេទ នាម
បែប, យ៉ាង, បែបយ៉ាង; ចំណែក, បែបបទដែលចែកចេញជាពួកដោយឡែក, សេចក្ដីផ្សេងគ្នា
-
ប្រភេទវិទ្យា នាម
វិទ្យាសាស្ត្រនៃការបែងចែកទៅតាមប្រភេទទូទៅដើម្បីសម្រួលដល់ការធ្វើវិភាគនៃតថភាពស្មុគស្មាញ។
-
ប្រមង់ នាម
ឈ្មោះសត្វស្លាបពួកខ្លែងមាត្រស្រដៀងនឹងខ្លែងតែមានសម្បុរជាំជាងខ្លែង។
-
ប្រមល់ នាម
ចិត្ត, គំនិត, ច្រើននិយាយថាតប់ប្រមល់គឺថប់បារម្ភខ្លាំង, ខ្វល់ចិត្តខ្លាំង, ព្រួយចិត្តខ្លាំងរកគិតអ្វីមិនលេច, ទាល់គំនិត។
-
ប្រមា នាម
ការរាប់។ ( សំ .) ញាណ, ប្រាជ្ញា, សេចក្ដីដឹងច្បាស់។
-
ប្រមាញ់ នាម
អ្នកបាញ់សត្វ, អ្នកបរបាញ់សត្វ ( ព្រាន )។
-
ប្រមាណ នាម
ការរាប់, ការស្ទង់, គ្នេរ, ស្មាន, ចំនួន; ពាក្យ, សេចក្ដីដែលគួររាប់គួរយកជាការពិតបាន; ការកំណត់ឬស្ទង់ដំណើរ
-
ប្រមាណបត្រ នាម
សំបុត្របរិសុទ្ធិគឺសំបុត្រប្រាប់បរិសុទ្ធិរបស់បុគ្គលអ្នកមានដំណើរចេញទៅកាន់ទីកាន់ប្រទេសដទៃ។
-
ប្រមាណបុរស នាម
អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី ( ចៅក្រម )។
-
ប្រមាត់ នាម
ឈ្មោះអាការៈមួយប្រភេទនៅក្នុងខ្លួនមនុស្សសត្វជាកន្លែងដក់ទឹកលឿងមានរសល្វីងឆ្អាបជាជំនួយនាំឱ្យអាហាររលួយទ្រោមចុះ។
-
ប្រមាត់កង្កែប នាម
ឈ្មោះស្មៅមួយប្រភេទដុះវាររាបក្រាបផ្ទាប់នឹងដីសើមដូចគ្នានឹងប្រមាត់ដីប៉ុន្តែស្លឹករួញជ្រួញៗសណ្ឋានប្រមាត់កង្កែប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។