វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 414 / 1268
-
បុព្វចរិត នាម
ចរិតដើមគឺអំពើដែលបុគ្គលធ្លាប់ប្រព្រឹត្តពីក្នុងជាតិមុនជាប់ជាស្នាមជាលំអានមកដល់ជាតិនេះ។
-
បុព្វចរិយា នាម
ចរិយាដើមគឺការប្រព្រឹត្ត, សំណាងឬមារយាទ, ទម្លាប់, សណ្ដាប់ធ្នាប់, ដែលបុគ្គលធ្លាប់បានប្រព្រឹត្តពីជាតិមុនៗមកជាប់ជាស្នាមតាមមកដល់ជាតិនេះ។
-
បុព្វជន នាម
ជនខាងដើម។
-
បុព្វញាតិ នាម
ញាតិខាងដើមដូចជាជីដូនជីតាជីដូនទួតជីតាទួតជាដើម; បុព្វបុរស។
-
បុព្វណ្ហកាល នាម
ដូចគ្នានឹងបុព្វណ្ហសម័យ។
-
បុព្វណ្ហសម័យ នាម
សម័យជាខាងដើមនៃថ្ងៃ ( ក្រោយបន្ទាប់បច្ចូសសម័យ ) គឺវេលាព្រះអាទិត្យរះ ( ពេលថ្ងៃរះ )។
-
បុព្វទេព នាម
ទេវតាដើមឬទេវតាមុន ( មាតាបិតា )។
-
បុព្វទេវតា នាម
( ម . ព . បុព្វទេព )។
-
បុព្វនិមិត្ត នាម
ហេតុភេទ, គ្រឿងសម្គាល់ដែលនាំបណ្ដាលឱ្យឃើញមុន ( អាភេទ, ផ្នួលឬប្រផ្នួល )។
-
បុព្វនិវាស នាម
ផ្ទះ, ភូមិ, លំនៅដែលធ្លាប់នៅពីដើម ( ផ្ទះ, ភូមិ, លំនៅចាស់ )។
-
បុព្វន្ន នាម
របស់ដែលត្រូវស៊ីមុន។
-
បុព្វន្នជាតិ នាម
ពូជធារឬស្បៀងដែលគេត្រូវបរិភោគមុនបានខាងឯធញ្ញជាតិមានស្រូវខ្សាយជាដើមដែលជារបស់ត្រូវគេបរិភោគមុន ( ស្បៀងសម្រាប់ស៊ីមុន )។
-
បុព្វន្នាបរន្ន
របស់ដែលត្រូវស៊ីមុននិងរបស់ដែលត្រូវស៊ីក្រោយ។
-
បុព្វបទ នាម
និបាតសព្ទឬអក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឱ្យមានសេចក្ដីប្រាដកដោយឡែកឬបំបែរសេចក្ដីឱ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលីដូចជាឧប " ជិត, បន្ទាប់, រង " + រាជ " ស្ដេច " > ឧបរាជ " ស្ដេចបន្ទាប់គឺស្ដេចទី២បន្ទាប់ស្ដេចទ្រង់រាជ្យ "; បរា " សោះសូន្យ; ..." + ជយ " ជម្នះ " > បរាជយ " ការចាញ់, ដំណើរចាញ់គេ "; ឧបនិងបរាហៅថាបុព្វបទ។ល។ខាងភាសាខ្មែរយើងច្រើនប្រើតួអក្សរជាបុព្វបទ, ប្រើមួយតួក៏មានពីរតួក៏មាន, ដូចជាទាស់ទែង, ទ្រេតទ្រោតដាក់អក្សរទ ( បុព្វបទ ) ថែមមកជាទទាស់ទទែង; ទទ្រេតទទ្រោត; ខូច, ឈប់, ដុះ, ធូរ, បោលដាក់អក្សរបង, បញ, បណ, បន, បំ ( បុព្វបទ ) ថែមមកជាបង្ខូច, បញ្ឈប់, បណ្ដុះ, បន្ធូរ, បំបោស; បុព្វបទទាំងនេះបំបែកសេចក្ដីរបស់សព្ទឱ្យឃ្លាតប្លែកពីប្រក្រតីដើម។
-
បុព្វបយោគ នាម
សេចក្ដីព្យាយាមដើមគឺព្យាយាមដែលផ្ដើមនឹងធ្វើអំពើ, នឹងចាត់ការឬធ្វើការអ្វីៗ។
-
បុព្វបុរស នាម
បុរសជាខាងដើមវង្ស។
-
បុព្វបេតបុគ្គល នាម
បុគ្គលដែលចេញចាកទៅកាន់បរលោកមុន, គឺអ្នកដែលធ្វើមរណកាលទៅហើយ។
-
បុព្វបេតពលី នាម
ការធ្វើពលិការចំពោះបុព្វប្រេត; តាមលទ្ធិខាងពុទ្ធសាសនាប្រើវិធីធ្វើទក្ខិណានុប្បទានឧទ្ទិសចំណែកបុណ្យជូនទៅ; លទ្ធិខ្លះក្រៅពីពុទ្ធសាសនាប្រើវិធីសែនព្រេនជូន។
-
បុព្វប្រយោគ នាម
( ម . ព . បុព្វបយោគ )។
-
បុព្វប្រេត នាម
អ្នកដែលទៅកាន់បរលោកហើយគឺអ្នកដែលធ្វើមរណកាលទៅកាន់ភពខាងមុខហើយ ( ញាតិដែលស្លាប់បាត់ទៅហើយ )
-
បុព្វភាគ នាម
ចំណែកខាងដើមឬប៉ែកខាងដើម។
-
បុព្វភាគបដិបត្តិ នាម
ប្រតិបត្តិជាចំណែកខាងដើមគឺការប្រព្រឹត្តកាន់សីលឱ្យបរិសុទ្ធនិងការគោរពកោតក្រែងបូជាចំពោះបុគ្គលដែលគួរគោរពមានមាតាបិតាជាដើម ( ហៅថាបុព្វភាគបដិបទាឬបុព្វភាគប្រតិប័ទដូច្នេះវិញក៏បាន )។
-
បុព្វភាគបដិបទា នាម
ដូចគ្នានឹងបុព្វភាគបដិបត្តិ។
-
បុព្វភាគប្រតិបត្តិ នាម
( ម . ព . បុព្វភាគបដិបត្តិ )។
-
បុព្វភាគប្រតិប័ទ នាម
( ម . ព . បុព្វភាគបដិបទា )។
-
បុព្វយោគ នាម
ការប្រកបក្នុងខាងដើម, ព្យាយាមក្នុងកាលមុន។
-
បុព្វលក្ខខណ្ឌ នាម
លក្ខខណ្ឌចាំបាច់ដែលត្រូវមានជាមុនសម្រាប់ធានាដល់ដំណើរការចាប់ផ្ដើមការកើនឡើងនិងការរីកលូតលាស់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។បុព្វលក្ខខណ្ឌនេះមានសន្តិភាពស្ថិរភាពនយោបាយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពសង្គម៘
-
បុព្វលាភ នាម
ការបានក្នុងកាលមុន, លាភខាងដើម, លាភដំបូង។
-
បុព្វវាសនា នាម
សាសនវិជ្ជាដែលអះអាងថាព្រឹត្តិការណ៍ទាំងអស់នៅក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗពោលគឺអ្វីៗដែលបានកើតឡើងកំពុងកើតឡើងឬនឹងកើតឡើងត្រូវបានកំណត់ជាមុនដោយអាទិទេពនិងមិនអាចកែប្រែបាន។ការកំណត់ថាតើព្រលឹងរបស់មនុស្សម្នាក់ៗនឹងឡើងទៅឋានសួគ៌ឬធ្លាក់ទៅឋាននរកត្រូវបានសម្រេចដោយឆន្ទៈរបស់អាទិទេពតាំងពីមនុស្សនោះកើតមកម្ល៉េះដោយមិនអាស្រ័យលើការប្រព្រឹត្តរបស់គេឡើយ។
-
បុព្វវិទេហទ្វីប នាម
( ម . ព . បុព្វវិទេហៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។