វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 150 / 204
-
ស៊ី កិរិយាសព្ទនាម
( ព . សា .) បរិភោគភោជនាហារ។និយាយចំពោះអ្នកបរិភោគ, ប្រើតាមថ្នាក់បុគ្គលដូច្នេះគឺសម្រាប់ក្សត្រិយ៍ថាសោយ ( ខ្មែរបុរាណប្រើស្វោយ ); សម្រាប់បព្វជិតថាឆាន់; សម្រាប់មន្ត្រីធំថាពិសាក្រយា; សម្រាប់មន្ត្រីតូចនិងសាធារណជនដែលគួរគោរពថាពិសា; សម្រាប់សាធារណជនធម្មតាឬជនស្មើគ្នាថាហូប; ពាក្យកណ្ដាលថាបរិភោគ; សម្រាប់សាធារណជនអ្នកតូចជាង, និយាយគួរសមថាអាស្រ័យ : មើលនាំគ្នាអាស្រ័យបាយទៅ!; ពាក្យសាមញ្ញសម្រាប់សាធារណជនថាស៊ី ( បុរាណថាឆី ); ពាក្យលំអុតសម្រាប់កូនតូចថាញ៉ាំ; ពាក្យសាមញ្ញទ្រគោះមើលងាយថាច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល, អំពះ! និយាយចំពោះខ្លួនឯងជាអ្នកបរិភោគបើនិយាយតាមថ្នាក់ដូច្នេះគឺក្នុងទីចំពោះព្រះភក្ដ្រក្សត្រិយ៍ថាទទួលព្រះរាជទាន; ក្នុងទីចំពោះមុខឥស្សរជនក្រៅពីក្សត្រិយ៍ឬចំពោះមុខសាធារណជនដែលគួរគោរពថាទទួលទាន; ចំពោះមុខសាធារណជនយ៉ាងកណ្ដាលថាបរិភោគ; ចំពោះគ្នាស្មើថាអាស្រ័យឬថាស៊ី; ចំណែកខាងបព្វជិតថាឆាន់ ( ដូចជាអ្នកដទៃនិយាយចំពោះមករកខ្លួនដែរ )
-
ស៊ីកម្រៃ កិរិយាសព្ទ
យកកម្រៃឬគៃឱ្យបានកម្រៃខ្លះ។
-
ស៊ីកម្លាំង កិរិយាសព្ទ
ពឹងកម្លាំងគេឬរស់ដោយសារគេចិញ្ចឹម
-
ស៊ីកា នាម
ជំងឺដែលឆ្លងតាមសត្វមូសឬតាមការរួមភេទដែលធ្វើឱ្យមានពិការភាពដល់ទារកក្នុងផ្ទៃ។ជំងឺនេះរាលដាលក្នុងអំឡុងទសវត្សឆ្នាំ២០១០នឹងបន្តមក
-
ស៊ីការប្រាក់ កិរិយាសព្ទ
យកការប្រាក់, បានការប្រាក់ជាប្រយោជន៍។
-
ស៊ីកូត នាម
កោសិកាមួយដែលបានមកពីការរលាយចូលគ្នារវាងកាម៉ែតញីនិងកាម៉ែតឈ្មោល។
-
ស៊ីក្នុង នាម
រូងសាច់ចូលទៅក្នុង
-
ស៊ីក្រចក កិរិយាសព្ទ
ចាប់ត្រង់សាច់ក្បែរក្រចកមើលមិនជា
-
ស៊ីក្រោមភ្នែក កិរិយាសព្ទ
បំបាត់នៅមុខឬលួចប្រពន្ធគេបានដោយងាយ។
-
ស៊ីក្លូ នាម
ត្រីចក្រយានមួយប្រភេទសម្រាប់ដឹកអ្នកដំណើរដោយប្រើកម្លាំងមនុស្ស
-
ស៊ីខាវ នាម
ជក់ខ្យល់ចំហៀងឬទទឹង
-
ស៊ីខ្វាត់បំបាត់ពន្ធ កិរិយាសព្ទ
កិបឬលួចយកប្រាក់បង់ខ្វាត់ទាំងបំបាត់ប្រាក់ពន្ធដារផង។
-
ស៊ីគោល កិរិយាសព្ទ
ដាក់កោយបោះលើក្បាលជង្គង់យឹតមេដៃឬម្រាមដៃមួយបាញ់តម្រង់ផ្ដួលកោយដាំ ( ក្នុងល្បែងអង្គញ់ )។
-
ស៊ីគំនិត កិរិយាសព្ទ
លួចគំនិតគ្នា, ដេញគំនិតគ្នា, លួចល្បិចគ្នា។
-
ស៊ីគ្នា កិរិយាសព្ទ
ត្រូវគ្នា, ដូចគ្នា, សមគ្នា; លើសគ្នា។
-
ស៊ីចង្វាក់ កិរិយាសព្ទ
ត្រូវគ្នាក្នុងទម្លាប់អនុវត្តន៍ទ្រឹស្ដីឬសម្ដីជាដើម
-
ស៊ីចាយ កិរិយាសព្ទ
ចាយវាយស៊ីផឹកតាមតែប្រទះ។
-
ស៊ីចុក កិរិយាសព្ទ
( ព . សា .) ស៊ីស្លាចុកថ្នាំ; ចិញ្ចឹមជីវិតតាមប្រក្រតី។
-
ស៊ីចុកបុកទំពា កិរិយាសព្ទ
( ព . សា .) ស៊ីចាយអស់គង់ជាមួយគ្នា, អត់ឃ្លានមានស៊ីជាមួយគ្នា។
-
ស៊ីចំណេញ កិរិយាសព្ទ
យកចំណេញ។
-
ស៊ីជញ្ជក់មាត់ កិរិយាសព្ទ
ទំពាលេបបណ្ដើរជញ្ជក់មាត់បណ្ដើរ។
-
ស៊ីជញ្ជាបៗ កិរិយាសព្ទ
ស៊ីសំរៀមៗមិនប្រញឹកប្រញាប់ពេក។
-
ស៊ីជម្រៅ កិរិយាសព្ទ
ដែលមានបាតជ្រៅ ( ចំពោះតែនាវា )
-
ស៊ីជី កិរិយាសព្ទ
ចាប់យកជាតិជី, ស្រូបយកជាតិជី
-
ស៊ីជើង កិរិយាសព្ទ
កាត់សាច់ចង្វែកម្រាមជើង
-
ស៊ីជំនោរ កិរិយាសព្ទ
ឡើងបញ្ចោរ
-
ស៊ីឈ្នួល កិរិយាសព្ទ
ធ្វើការយកឈ្នួល, ទទួលជួលឱ្យគេ។
-
ស៊ីញេ កិរិយាសព្ទ
ចុះហត្ថលេខាគឺសរសេរឈ្មោះខ្លួនដោយដៃខ្លួនឯងតាមចំណាំដែលធ្លាប់តែសរសេររៀងមកយ៉ាងណាក៏ឱ្យនៅជាយ៉ាងនោះ
-
ស៊ីញ៉ូ កិរិយាសព្ទគុណនាម
( ព . សា .) ឱ្យឬធ្វើសញ្ញា, ឱ្យភ្លើងសញ្ញា; ដែលឱ្យសញ្ញាឬឱ្យភ្លើងសញ្ញា
-
ស៊ីណាប់ នាម
ការតភ្ជាប់ពីចុងម្ខាងនៃអាក់សូនរបស់ណឺរ៉ូនមួយទៅនឹងដង់ឌ្រីតឬតួកោសិកាណឺរ៉ូនមួយទៀត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។