ស៊ី
អត្ថន័យ (3)
-
1
កិរិយាសព្ទ
( ព . សា .) បរិភោគភោជនាហារ។និយាយចំពោះអ្នកបរិភោគ, ប្រើតាមថ្នាក់បុគ្គលដូច្នេះគឺសម្រាប់ក្សត្រិយ៍ថាសោយ ( ខ្មែរបុរាណប្រើស្វោយ ); សម្រាប់បព្វជិតថាឆាន់; សម្រាប់មន្ត្រីធំថាពិសាក្រយា; សម្រាប់មន្ត្រីតូចនិងសាធារណជនដែលគួរគោរពថាពិសា; សម្រាប់សាធារណជនធម្មតាឬជនស្មើគ្នាថាហូប; ពាក្យកណ្ដាលថាបរិភោគ; សម្រាប់សាធារណជនអ្នកតូចជាង, និយាយគួរសមថាអាស្រ័យ : មើលនាំគ្នាអាស្រ័យបាយទៅ!; ពាក្យសាមញ្ញសម្រាប់សាធារណជនថាស៊ី ( បុរាណថាឆី ); ពាក្យលំអុតសម្រាប់កូនតូចថាញ៉ាំ; ពាក្យសាមញ្ញទ្រគោះមើលងាយថាច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល, អំពះ! និយាយចំពោះខ្លួនឯងជាអ្នកបរិភោគបើនិយាយតាមថ្នាក់ដូច្នេះគឺក្នុងទីចំពោះព្រះភក្ដ្រក្សត្រិយ៍ថាទទួលព្រះរាជទាន; ក្នុងទីចំពោះមុខឥស្សរជនក្រៅពីក្សត្រិយ៍ឬចំពោះមុខសាធារណជនដែលគួរគោរពថាទទួលទាន; ចំពោះមុខសាធារណជនយ៉ាងកណ្ដាលថាបរិភោគ; ចំពោះគ្នាស្មើថាអាស្រ័យឬថាស៊ី; ចំណែកខាងបព្វជិតថាឆាន់ ( ដូចជាអ្នកដទៃនិយាយចំពោះមករកខ្លួនដែរ )
ឧទាហរណ៍ អាត្មាឆាន់រួចហើយ; ឥស្សរជននិយាយពីខ្លួនឯងជាអ្នកបរិភោគទៅរកសាធារណជនតូចជាងថាអាស្រ័យ, ឬនិយាយដោយគួរសមថាទទួលទាន!។ល។
-
2
នាម
ពាក្យស៊ីនេះប្រើសំដៅសេចក្ដីចំពោះនិងសេចក្ដីប្រៀបបានជាអនេក។
-
3
នាម
ព័ណ៌, សម្បុរ
ឧទាហរណ៍ ស៊ីនួនគឺសម្បុរ-សលាយលឿងខ្ចីបន្តិចៗ, សម្បុរសលឿងខ្ចីប៉ផូរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)