វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ល ពាក្យដែលផ្ដើមដោយ "ល" មាន 1,110 ពាក្យ
ទំព័រ 32 / 37
-
ល្ងេល្ងើ គុណកិរិយា
( ម . ព . រងេរងើ )។
-
ល្បក នាម
ដែកសម្រាប់ឈូសលក
-
ល្បក់ នាម
ពេលមួយរយៈដេកលក់; ស្របក់; ដេកមួយល្បក់។
-
ល្បង កិរិយាសព្ទ
លង, ស្ទង់ដោយស្មាន
-
ល្បងមើល កិរិយាសព្ទ
លងមើល, ស្ទង់មើល។
-
ល្បត់ នាម
កំណត់ឬកម្រិតដែលលត់លោហជាតិមានដែកជាដើម
-
ល្បប់ នាម
ទឹកដែលលាយដោយផង់ធ្យូងកំណាត់សំពត់ឬម្រែងសម្បុរខ្មៅជាមួយនឹងទឹកបបរឬទឹកបាយខាប់សម្រាប់លុបក្ដារសរសេរ ( ដែលហៅតាមពាក្យសៀមថាក្ដារខៀវ ), លុបឱ្យរលុបអក្សរចាស់រួចហើយបញ្ឈរក្ដារនោះផ្អែកទុកឱ្យស្ងួតសម្រាប់សរសេរតទៅទៀត
-
ល្បាក់ គុណកិរិយាគុណនាមនាម
ថ្នាក់ដែលបាត់របេះឬដែលមានសណ្ឋានដូចគេលាក់ឬដូចជាបាក់
-
ល្បាក់ទឹក នាម
កន្លែងដែលមានទឹកហូរបាក់ជាថ្នាក់ៗស្រដៀងនឹងកាំជណ្ដើរ
-
ល្បាក់ផ្កាសំយុង នាម
គ្រឿងលម្អមួយប្រភេទធ្វើពីផ្កាស្រស់ឬផ្កាជ័រក្រងជារំយោលសម្រាប់បំពាក់ចំហៀងម្ខាងនៃមកុដធ្លាក់សំយុងចុះ ( តួនាងពាក់នៅខាងឆ្វេងនិងតួនាយរោងពាក់នៅខាងស្ដាំតួយក្សពាក់ខាងស្ដាំដែរ )។ផ្កាសំយុងក្រងដោយផ្កាចំប៉ីផ្ការាក់ផ្កាម្លិះឬផ្កាចំប៉ា។
-
ល្បាក់សា នាម
អារក្ស, ខ្មោចចំបួរជួរ; ខ្មោចបិសាច
-
ល្បាញ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យល្បីថាល្បីល្បាញល្បីឮសាយសុស
-
ល្បាត កិរិយាសព្ទ
ក្រវែលឃ្លាំមើល, ឃ្លាំមើលបន្ថែ
-
ល្បាប់ នាម
ភក់ពពុលស្អិត
-
ល្បាប់ម៉ដ្ឋ នាម
ល្បាប់ដែលឥតមានខ្សាច់លាយ, ជាងឆ្លាក់ពុម្ពក្បាច់គេយកល្បាប់ម៉ដ្ឋនេះមកឆ្លាក់ធ្វើជាពុម្ពដើមសម្រាប់បោះរូបនិងក្បាច់រចនាផ្សេងៗ
-
ល្បាយ គុណនាម
ដែលលាយចម្រុះគ្នា។
-
ល្បាស់ នាម
ស្លឹកដែលទើបលាស់គឺត្រួយឬស្លឹកខ្ចីដែលលាស់ក្នុងរដូវខែដើមឆ្នាំ
-
ល្បាស់កាំ គុណកិរិយាគុណនាម
ដែលលូតលាស់ឬចម្រើនស្ទើរស្មើគ្នា, ប្រដំប្រសងគ្នា ( ប្រៀបប្រដូចនឹងកាំប៉ុនៗគ្នា )
-
ល្បិច នាម
ឧបាយក្រឡិច, កិច្ចកល, កលឧបាយ, ស្នៀតសម្រាប់គេច
-
ល្បិចចៅក្រម នាម
ល្បិចរបស់ចៅក្រមអ្នកជំនុំជម្រះក្ដី។ក្នុងសតវត្សរ៍ទី២៣នៃពុទ្ធសករាជត្រូវគ្នានឹងសតវត្សរ៍ទី១៧នៃគ្រិស្តសករាជព្រះបាទសម្ដេចព្រះជ័យចេស្ដាព្រះមហាក្សត្រិយ៍នៃប្រទេសកម្ពុជាទ្រង់មានព្រះរាជបញ្ជាឱ្យពួកបណ្ឌិតរៀបចំរបៀបជាល្បិចនៃចៅក្រមអ្នកជំនុំជម្រះក្ដីឱ្យបានទៀងទាត់តាមសុចរិតយុត្តិធម៌ឱ្យងាយពិនិត្យពិភាក្សារកការណ៍ពិតដោយល្បិច៤យ៉ាងដែលហៅជាពាក្យបាលីសន្មតថាមន្ទលេន, សេនបទ, មណ្ឌុកដ, សីហលោ។ល្បិចចៅក្រមទាំងបួនយ៉ាងនេះមានសេចក្ដីអធិប្បាយថា១មន្ទលេន ( មន់ទៈលេន ) ន . ( បា . ស . មន្ទ " ទន់, ទន់ភ្លន់, ស្រទន់; សន្សឹមៗ; តិច " + លេន " សន្ទុះ, ល្បឿន; ការស្ទាបស្ទង់ ") ល្បិចឈ្មោះមន្ទលេននេះមានអត្ថន័យថាចៅក្រមត្រូវពិចារណានូវអធិករណ៍គឺរឿងក្ដីតាមពាក្យចោទនិងឆ្លើយដែលស្ទាបស្ទង់ឃើញថាមុនបង្អស់មិនគួរកញ្ឆក់កញ្ឆែងទេក៏ប្រើល្បិចសុភាពទន់ភ្លន់សន្សឹមៗប្រៀបប្រដូចនឹងទឹកដែលហូររិញៗមិនហូរគំហុកខ្លាំងហូរធ្លាក់ចុះទៅក្នុងស្រះឬត្រពាំងដក់បានជាទឹកពេញទីនោះគួរដល់ការប្រើប្រាស់បានដូច្នោះឯង; បើចៅក្រមប្រើល្បិចនេះទៅឃើញការណ៍ពិតសព្វគ្រប់ហើយក៏សម្រេចសេចក្ដីឱ្យអធិករណ៍នោះចប់ស្រេចដោយប្រពៃបានត្រឹមប៉ុណ្ណោះទៅ។២សេនបទ ( សេន៉ៈបត់ឬសែន៉ៈបត់ ) ន . ( បា . សេន " សត្វខ្លែង " + បទ " ដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; ..."; សំ . ឝ្យេន + បទ ) ល្បិចឈ្មោះសេនបទនេះមានអត្ថន័យថាចៅក្រមត្រូវពិនិត្យពិចារណានូវរឿងក្ដីតាមពាក្យចោទនិងចម្លើយដោយប្រើល្បិចស្ទាបស្ទង់មើលយកតម្រាប់សត្វខ្លែងដែលវាឆាបអ្វីៗមានកូនមាន់ជាដើមជាចំណីរបស់វា, ធម្មតាសត្វខ្លែងមុននឹងឆាបកូនមាន់ជាដើមវាត្រូវហើររេរាៗកេលកុងស្ទង់មើលសិនបើលុះតែឃើញមានទំនងឱកាសល្មមឆាបឆក់បានទើបវាសម្លបស្លាបឆាបចុះហើយវាហើរប៉េវឡើងទៅ; បើចៅក្រមយល់ឃើញថាត្រូវប្រើល្បិចរិះរេបែបសត្វខ្លែងហើយគ្រញិចសម្រេចសេចក្ដីឱ្យអធិករណ៍បានចប់ដោយសុចរិតយុត្តិធម៌ហើយក៏ទុកជាស្រេចត្រឹមប៉ុណ្ណោះទៅ។៣មណ្ឌុកដ ( ម័នឌុកត់ឬមន់ ) ន . ( បា . មណ្ឌុកឬមណ្ឌូក " កង្កែប " + កត > កដ " ដែលធ្វើគឺការលោត ") ល្បិចឈ្មោះមណ្ឌុកដនេះមានអត្ថន័យថាចៅក្រមត្រូវពិនិត្យពិចារណានូវអធិករណ៍តាមពាក្យចោទនិងចម្លើយដែលលៃស្ទង់មើលឃើញថារឿងនេះត្រូវប្រតិបត្តិតាមតម្រាប់កង្កែបលោត, ធម្មតាកង្កែបវាមិនលោតឥតឈប់បង្អង់សោះទេ, វាតែងតែលោតផ្លោតៗហើយឈប់បង្អង់ម្ដងៗបន្តិចៗហើយទើបវាលោតផ្លោតៗតៗទៅទៀត, ចៅក្រមក៏ត្រូវធ្វើយ៉ាងនោះដែរគឺត្រូវស្ទាបស្ទង់មើលកុំប្រញាប់ប្រញាល់រួសរាន់ពេក, បើអធិករណ៍ហុចដំណើរឱ្យមកឃើញថាគួរវិនិច្ឆ័យបានហើយសឹមសម្រេចសេចក្ដីឱ្យរឿងនោះចប់ស្រេចដោយសុចរិតយុត្តិធម៌ត្រឹមប៉ុណ្ណោះទៅ។៤សីហលោ ( សីហៈលោ ) ន . ( បា . សីហ " សត្វសីហៈ " + លោ < លា " កាត់, កាត់ផ្ដាច់; កាន់, កាន់យក " ជាបា . ស . ថាសីហលោ ) ល្បិចឈ្មោះសីហលោនេះមានអត្ថន័យថាកាលបើចៅក្រមពិនិត្យពិចារណាឃើញរឿងនោះមានព័ស្តុតាងច្បាស់ក្រឡែតមិនគួរឱ្យសង្ស័យទេប៉ុន្តែបុគ្គលអ្នកជាប់ចោទអង់អាចរបឹងរបាញក្អេងក្អាងហួសហេតុពេកមិនព្រមទទួលសារភាពតាមការណ៍ពិតសោះ, ចៅក្រមត្រូវប្រើអាការគំរាមសម្លុតតាមមាត្រាច្បាប់ឱ្យបុគ្គលនោះស្លុតគាំងកឿងក្រទាំងហើយឆ្លើយឱ្យការណ៍តាមពិតត្រង់ដោយចៅក្រមយកតម្រាប់តាមសីហៈដែលវាបន្លឺសីហនាទស្រែកសន្ធាប់ម្រឹគហើយវាខាំសម្លាប់យកជាចំណីវាដូច្នោះដែរ, ហើយចៅក្រមវិនិច្ឆ័យសម្រេចសេចក្ដីដោយសុចរិតយុត្តិធម៌ឱ្យចប់ស្រេចត្រឹមប៉ុណ្ណោះទៅ។ ( ល្បិចចៅក្រមទាំង៤យ៉ាងនេះហៅថាល្បិចព្រះជ័យចេស្តាឬច្បាប់ព្រះជ័យចេស្តា; កាលពីដើមយើងពុំបានឃើញច្បាប់ដើមក៏ចេះតែអានខុសខ្លះ, លុះយើងស្រាវជ្រាវឃើញសាស្ត្រាស្លឹករឹតចាស់ខ្មៅជាច្បាប់ដើមទើបយើងស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះដោយត្រឹមត្រូវហើយ )។ ( កាព្យសម្រាប់ឱ្យងាយចាំល្បិចចៅក្រម )
-
ល្បិចល្បង នាម
ល្បិចសម្រាប់ល្បងមើលឱ្យដឹងមុន។
-
ល្បិចល្បើក នាម
ល្បើកដែលគេប្រតិដ្ឋលើកដោយល្បិច។
-
ល្បិចល្បឿន នាម
ល្បឿនដោយប្រើល្បិច
-
ល្បិចល្បែង នាម
ល្បែងដែលគេលេងដោយប្រើល្បិច
-
ល្បី កិរិយាសព្ទ
លេចឮកេរ្តិ៍ឈ្មោះល្អឬអាក្រក់
-
ល្បីល្បាញ នាម
( ម . ព . ល្បាញ )។
-
ល្បឺ នាម
ការស្តាប់ឮនៃសោតវិញ្ញាណ។
-
ល្បុក្កតោ នាម
ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹងកំភួនដៃជាគ្រឿងការពាររងដំបងវែងឬបុកបុះការពារខ្លួន។
-
ល្បុង នាម
( ម . ព . របុង )។
-
ល្បួង កិរិយាសព្ទ
លួងឬបញ្ឆោតដោយប្រើឧបាយកលឱ្យលង់គំនិតដើម្បីឱ្យបានការតាមបំណង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។