រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ល្បិចចៅក្រម

នាម

អត្ថន័យ

  1. 1

    នាម

    ល្បិច​របស់​ចៅក្រម​អ្នក​ជំនុំ​ជម្រះ​ក្ដី​។​ក្នុង​សត​វត្សរ៍​ទី​២៣​នៃ​ពុទ្ធ​សករាជ​ត្រូវ​គ្នា​នឹង​សត​វត្សរ៍​ទី​១៧​នៃ​គ្រិស្ត​សករាជ​ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​ព្រះ​មហា​ក្សត្រិយ៍​នៃ​ប្រទេស​កម្ពុជា​ទ្រង់​មាន​ព្រះ​រាជ​បញ្ជា​ឱ្យ​ពួក​បណ្ឌិត​រៀបចំ​របៀប​ជា​ល្បិច​នៃ​ចៅក្រម​អ្នក​ជំនុំ​ជម្រះ​ក្ដី​ឱ្យ​បាន​ទៀងទាត់​តាម​សុចរិត​យុត្តិធម៌​ឱ្យ​ងាយ​ពិនិត្យ​ពិភាក្សា​រក​ការណ៍​ពិត​ដោយ​ល្បិច​៤​យ៉ាង​ដែល​ហៅ​ជា​ពាក្យ​បាលី​សន្មត​ថា​មន្ទ​លេន, សេនបទ, មណ្ឌុកដ, សីហលោ​។​ល្បិច​ចៅក្រម​ទាំង​បួន​យ៉ាង​នេះ​មាន​សេចក្ដី​អធិប្បាយ​ថា​១​មន្ទ​លេន ( មន់​ទៈ​លេន ) ន . ( បា . ស . មន្ទ " ទន់, ទន់ភ្លន់, ស្រទន់; សន្សឹម​ៗ; តិច " + លេន " សន្ទុះ, ល្បឿន; ការ​ស្ទាបស្ទង់ ") ល្បិច​ឈ្មោះ​មន្ទ​លេន​នេះ​មាន​អត្ថ​ន័យ​ថា​ចៅក្រម​ត្រូវ​ពិចារណា​នូវ​អធិករណ៍​គឺ​រឿង​ក្ដី​តាម​ពាក្យ​ចោទ​និង​ឆ្លើយ​ដែល​ស្ទាបស្ទង់​ឃើញ​ថា​មុន​បង្អស់​មិន​គួរ​កញ្ឆក់​កញ្ឆែង​ទេ​ក៏​ប្រើ​ល្បិច​សុភាព​ទន់ភ្លន់​សន្សឹម​ៗ​ប្រៀប​ប្រដូច​នឹង​ទឹក​ដែល​ហូរ​រិញ​ៗ​មិន​ហូរ​គំហុក​ខ្លាំង​ហូរ​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្រះ​ឬ​ត្រពាំង​ដក់​បាន​ជា​ទឹក​ពេញ​ទី​នោះ​គួរ​ដល់​ការ​ប្រើប្រាស់​បាន​ដូច្នោះ​ឯង; បើ​ចៅក្រម​ប្រើ​ល្បិច​នេះ​ទៅ​ឃើញ​ការណ៍​ពិត​សព្វ​គ្រប់​ហើយ​ក៏​សម្រេច​សេចក្ដី​ឱ្យ​អធិករណ៍​នោះ​ចប់​ស្រេច​ដោយ​ប្រពៃ​បាន​ត្រឹម​ប៉ុណ្ណោះ​ទៅ​។​២​សេនបទ ( សេន៉ៈ​បត់​ឬ​សែន៉ៈ​បត់ ) ន . ( បា . សេន " សត្វ​ខ្លែង " + បទ " ដំណើរ; ផ្លូវ, គន្លង; ហេតុ; ឧបាយ; ..."; សំ . ឝ្យេន + បទ ) ល្បិច​ឈ្មោះ​សេនបទ​នេះ​មាន​អត្ថ​ន័យ​ថា​ចៅក្រម​ត្រូវ​ពិនិត្យ​ពិចារណា​នូវ​រឿង​ក្ដី​តាម​ពាក្យ​ចោទ​និង​ចម្លើយ​ដោយ​ប្រើ​ល្បិច​ស្ទាបស្ទង់​មើល​យក​តម្រាប់​សត្វ​ខ្លែង​ដែល​វា​ឆាប​អ្វី​ៗ​មាន​កូន​មាន់​ជាដើម​ជា​ចំណី​របស់​វា, ធម្មតា​សត្វ​ខ្លែង​មុន​នឹង​ឆាប​កូន​មាន់​ជាដើម​វា​ត្រូវ​ហើរ​រេរា​ៗ​កេល​កុង​ស្ទង់​មើល​សិន​បើ​លុះ​តែ​ឃើញ​មាន​ទំនង​ឱកាស​ល្មម​ឆាប​ឆក់​បាន​ទើប​វា​សម្លប​ស្លាប​ឆាប​ចុះ​ហើយ​វា​ហើរ​ប៉េវ​ឡើង​ទៅ; បើ​ចៅក្រម​យល់​ឃើញ​ថា​ត្រូវ​ប្រើ​ល្បិច​រិះ​រេ​បែប​សត្វ​ខ្លែង​ហើយ​គ្រញិច​សម្រេច​សេចក្ដី​ឱ្យ​អធិករណ៍​បាន​ចប់​ដោយ​សុចរិត​យុត្តិធម៌​ហើយ​ក៏​ទុក​ជា​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ទៅ​។​៣​មណ្ឌុកដ ( ម័ន​ឌុកត់​ឬ​មន់ ) ន . ( បា . មណ្ឌុក​ឬ​មណ្ឌូក " កង្កែប " + កត > កដ " ដែល​ធ្វើ​គឺ​ការ​លោត ") ល្បិច​ឈ្មោះ​មណ្ឌុកដ​នេះ​មាន​អត្ថ​ន័យ​ថា​ចៅក្រម​ត្រូវ​ពិនិត្យ​ពិចារណា​នូវ​អធិករណ៍​តាម​ពាក្យ​ចោទ​និង​ចម្លើយ​ដែល​លៃ​ស្ទង់​មើល​ឃើញ​ថា​រឿង​នេះ​ត្រូវ​ប្រតិបត្តិ​តាម​តម្រាប់​កង្កែប​លោត, ធម្មតា​កង្កែប​វា​មិន​លោត​ឥត​ឈប់​បង្អង់​សោះ​ទេ, វា​តែងតែ​លោត​ផ្លោត​ៗ​ហើយ​ឈប់​បង្អង់​ម្ដង​ៗ​បន្តិច​ៗ​ហើយ​ទើប​វា​លោត​ផ្លោត​ៗ​ត​ៗ​ទៅ​ទៀត, ចៅក្រម​ក៏​ត្រូវ​ធ្វើ​យ៉ាង​នោះ​ដែរ​គឺ​ត្រូវ​ស្ទាបស្ទង់​មើល​កុំ​ប្រញាប់ប្រញាល់​រួសរាន់​ពេក, បើ​អធិករណ៍​ហុច​ដំណើរ​ឱ្យ​មក​ឃើញ​ថា​គួរ​វិនិច្ឆ័យ​បាន​ហើយ​សឹម​សម្រេច​សេចក្ដី​ឱ្យ​រឿង​នោះ​ចប់​ស្រេច​ដោយ​សុចរិត​យុត្តិធម៌​ត្រឹម​ប៉ុណ្ណោះ​ទៅ​។​៤​សីហលោ ( សីហៈ​លោ ) ន . ( បា . សីហ " សត្វ​សីហៈ " + លោ < លា " កាត់, កាត់​ផ្ដាច់; កាន់, កាន់​យក " ជា​បា . ស . ថា​សីហលោ ) ល្បិច​ឈ្មោះ​សីហលោ​នេះ​មាន​អត្ថ​ន័យ​ថា​កាល​បើ​ចៅក្រម​ពិនិត្យ​ពិចារណា​ឃើញ​រឿង​នោះ​មាន​ព័ស្តុតាង​ច្បាស់​ក្រឡែត​មិន​គួរ​ឱ្យ​សង្ស័យ​ទេ​ប៉ុន្តែ​បុគ្គល​អ្នក​ជាប់​ចោទ​អង់អាច​របឹង​របាញ​ក្អេងក្អាង​ហួស​ហេតុ​ពេក​មិន​ព្រម​ទទួល​សារភាព​តាម​ការណ៍​ពិត​សោះ, ចៅក្រម​ត្រូវ​ប្រើ​អាការ​គំរាម​សម្លុត​តាម​មាត្រា​ច្បាប់​ឱ្យ​បុគ្គល​នោះ​ស្លុត​គាំង​កឿង​ក្រ​ទាំង​ហើយ​ឆ្លើយ​ឱ្យ​ការណ៍​តាម​ពិត​ត្រង់​ដោយ​ចៅក្រម​យក​តម្រាប់​តាម​សីហៈ​ដែល​វា​បន្លឺ​សីហ​នាទ​ស្រែក​សន្ធាប់​ម្រឹគ​ហើយ​វា​ខាំ​សម្លាប់​យក​ជា​ចំណី​វា​ដូច្នោះ​ដែរ, ហើយ​ចៅក្រម​វិនិច្ឆ័យ​សម្រេច​សេចក្ដី​ដោយ​សុចរិត​យុត្តិធម៌​ឱ្យ​ចប់​ស្រេច​ត្រឹម​ប៉ុណ្ណោះ​ទៅ​។ ( ល្បិច​ចៅក្រម​ទាំង​៤​យ៉ាង​នេះ​ហៅ​ថា​ល្បិច​ព្រះ​ជ័យ​ចេស្តា​ឬ​ច្បាប់​ព្រះ​ជ័យ​ចេស្តា; កាល​ពី​ដើម​យើង​ពុំ​បាន​ឃើញ​ច្បាប់​ដើម​ក៏​ចេះ​តែ​អាន​ខុស​ខ្លះ, លុះ​យើង​ស្រាវជ្រាវ​ឃើញ​សាស្ត្រា​ស្លឹក​រឹត​ចាស់​ខ្មៅ​ជា​ច្បាប់​ដើម​ទើប​យើង​ស្រង់​យក​មក​ចុះ​ក្នុង​វចនានុក្រម​ខ្មែរ​នេះ​ដោយ​ត្រឹមត្រូវ​ហើយ )។ ( កាព្យ​សម្រាប់​ឱ្យ​ងាយ​ចាំ​ល្បិច​ចៅក្រម )

    ឧទាហរណ៍ មន្ទលេន-សេនបទ​ទាំងមណ្ឌុកដ​និងសីហលោ​ទាំងបួននេះជា​រាជោវាទោ​នៃក្សត្រិយ៍សេដ្ឋោ​ព្រះជ័យចេស្ដា។​មហាក្សត្រិយ៍ខ្មែរយើង​ស្ដេចមានឫទ្ធិ៍ថ្កើង​ទ្រង់បានប្រាប្ដា-ភិសេកហើយស្រេច​ស្តេចទ្រង់បញ្ជា​ឱ្យប្រាជ្ញព្រឹទ្ធា​តែងល្បិចចៅក្រម។​ជាពាក្យបាលី​សន្មតសេចក្ដី​ដោយការផ្សែផ្សំ​ក្រឹត្យទុកជាច្បាប់​សម្រាប់ចៅក្រម​កាត់ក្ដីឱ្យសម​នឹងយុត្តិធម៌។ (មិនមែនសម្រាប់តែចៅក្រមគ្រហស្ថទេ​ទោះទាំងចៅក្រមបព្វជិត​ក៏គួរប្រើល្បិចចៅក្រមទាំង​៤​យ៉ាងនេះបានដែរ)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម