វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឯ ពាក្យដែលផ្ដើមដោយ "ឯ" មាន 168 ពាក្យ
ទំព័រ 4 / 6
-
ឯករូប នាម
ដែលមានរូបដូចគ្នា។
-
ឯកលាភ នាម
លាភឯក; លាភចំពោះតែបុគ្គលម្នាក់ឬលាភដែលត្រូវបានតែម្ដងប៉ុណ្ណោះ។
-
ឯកលេខនា នាម
ការគូរឬការគូសវាសការសរសេរឬការសិក្សាលម្អិតអំពីប្រធានបទនៃឯកទេសណាមួយ។
-
ឯកលោហនិយម នាម
ការនិយមប្រើប្រាស់រូបិយបណ្ណលោហៈដូចជាមាសប្រាក់ជាដើមជារូបិយបណ្ណស្ដង់ដានៃប្រទេសឬជាស្ដង់ដានៃតម្លៃរូបិយវត្ថុ។
-
ឯកវចនៈ នាម
( ព . វ .) ពាក្យប្រាប់ចំនួនតែមួយឬតែម្នាក់, ដូចជាតុមួយ, កៅអីមួយ, ក្មេងម្នាក់ជាដើម។
-
ឯកវណ្ណ នាម
ព័ណ៌ឯក; ព័ណ៌តែមួយ; ដែលមានព័ណ៌ឬសម្បុរដូចគ្នា។
-
ឯកវប្បកម្ម នាម
ការដាំដំណាំតែមួយប្រភេទហើយជាទូទៅនៅលើផ្ទៃដីធំទូលាយក្នុងគោលបំណងធ្វើពាណិជ្ជកម្ម។
-
ឯកវាទ នាម
ការនិយាយម្នាក់ឯងរបស់តួអង្គណាម្នាក់នៅក្នុងរឿង។
-
ឯកវាទវិធី នាម
( អ . សិ .) វិធីតែងនិពន្ធមួយបែបដែលកវីអ្នកនិពន្ធប្រើដោយធ្វើឱ្យតួអង្គនិយាយថ្លែងទុក្ខព្រួយឬរៀបរាប់អំពីអនុស្សាវរីយ៍អ្វីមួយតែម្នាក់ឯងគ្មាននរណាចូលលាយឡំឡើយ។នៅក្នុងរឿងទុំទាវនាងទាវក្រោយពេលទុំត្រឡប់ទៅវត្តវិហារធំវិញនាងនឹកទុំយ៉ាងខ្លាំងហើយគិតម្នាក់ឯងថា (...) ថាឱអញស្ដាយក្រហាយប្រាណ - មិនក្សាន្តធ្ងន់ខ្លួនប្រៀបហាក់ភ្នំ - រលើងបព្វតាផ្ងាររលំ - សង្កត់សៀតក្រំរណ្ដំខ្លាំង។ខ្លោចផ្សាក្ដៅក្ដួលខ្មួលក្នុងថ្លើមដង្ហើមផុតៗស្លុតភាន់ភាំងម្ល៉េះហើយលោកអើយប្អូនមរណំខ្លួនស្លាំងស្គាំងស្គមទ្រមវេទនា។ (...)។
-
ឯកវាសភាព នាម
ភាពដែលចេញចាកទៅសំងំនៅតែម្នាក់ឯងការដាក់ឱ្យនៅទីឆ្ងាយ។
-
ឯកវាសី គុណនាម
ដែលបង្ខាំងក្នុងទីចង្អៀតដែលបញ្ជ្រកក្នុងទីចង្អៀតដែលមិនសេពគប់អ្នកណាសោះដែលសំងំក្នុងវិវេកដ្ឋាន។
-
ឯកសណ្ឋាន គុណនាម
ដែលមានសណ្ឋានឬទ្រង់ទ្រាយដូចគ្នាតែមួយបែប
-
ឯកសព្ទ នាម
សូរឮតែមួយដដែលៗដូចយ៉ាងសូរសំឡេងចង្រិតនិងរៃជាដើម
-
ឯកសមោធាន នាម
( ម . ព . ឯកភាវូបនីយកម្ម )។
-
ឯកសារ គុណនាម
ដែលសុទ្ធតែខ្លឹម; ដែលមានខ្លឹមដូចគ្នា ( បុរាណប្រើសំដៅសេចក្ដីថា " សំបុត្រសន្យាសម្លាក់សំខាន់ " ក៏មាន
-
ឯកសារគ នាម
( វ . វិចិ .) ឯកសារដែលគ្មានការកត់ត្រាជាលាយលក្ខណ៍អក្សរដូចជាក្អមឆ្នាំងនិងវត្ថុសិល្បៈផ្សេងៗទៀត។
-
ឯកសារសមោធាន នាម
ការសំអាងលើឯកសារការបង្ហាញឯកសារការប្រមូលឯកសារឯកសារទាំងឡាយ។
-
ឯកសារសរសេរ នាម
ឯកសារជាលាយលក្ខណ៍អក្សរដែលកត់ត្រានូវហេតុការណ៍ឬព្រឹត្តិការណ៍នានាទុកជាចំណេះដឹង
-
ឯកសិទ្ធិ នាម
សិទ្ធិតែមួយ; អំណាចដោយឡែក; អត្ថប្រយោជន៍ដាច់មុខតែម្នាក់ឯង
-
ឯកសេស នាម
សព្ទដែលលុបទុកឱ្យនៅសល់តែមួយ; ហៅឯកសេសន័យក៏បាន ( ព . វ . សំ . បា .)។
-
ឯកសេសន័យ នាម
ន័យរបស់ពាក្យសេសមួយគឺសព្ទជាគូនឹងគ្នាដែលគេលុបមួយចេញទុកឱ្យសល់តែមួយ, ដូចជាកូនប្រុសនិងកូនស្រីលុបពាក្យប្រុសនិងស្រីចេញទុកត្រឹមតែពាក្យកូនត្រូវប្រើជាពហុវចនៈថាកូនទាំងឡាយឬថាអស់ទាំងកូនឬក៏ថាកូនទាំងអស់គ្នា។ខាងបាលីថាបុត្តាឬបុត្តេ ... ( ព . វ . សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ )
-
ឯកស័ក នាម
ស័កទីមួយ ( នៃឆ្នាំ )
-
ឯកស័ក្ដិ នាម
ស័ក្ដិស្មើគ្នា; ដែលមានស័ក្ដិស្មើគ្នា
-
ឯកអគ្គ គុណនាម
ប្រសើរឯក, ដែលមានតែមួយឬមានតែម្នាក់ប្រសើរជាងគេ។
-
ឯកអគ្គទេវនិយម នាម
( ទស្សនៈ .) លទ្ធិមួយដែលអនុញ្ញាតឱ្យមានអត្ថិភាពអាទិទេពច្រើនប៉ុន្តែលទ្ធិនេះបានអះអាងថាមានអាទិទេពតែមួយអង្គគត់ដែលជាអ្នកដឹកនាំកំពូលរបស់ពួកអាទិទេពទាំងនោះហើយអាទិទេពអង្គនោះសក្ដិសមនឹងទទួលបានភាពស្មោះត្រង់ការគោរពនិងការស្ដាប់បង្គាប់ពីអាទិទេពទាំងឡាយ។ឯកអគ្គទេវនិយមជាការសម្រុះសម្រួលរវាងពហុទេវនិយមដែលជឿថាមានអាទិទេពច្រើននិងឯកទេវនិយមដែលជឿថាអាទិទេពមានតែមួយអង្គគត់
-
ឯកអគ្គរដ្ឋទូត នាម
មន្ត្រីថ្នាក់ខ្ពស់ដែលត្រូវរដ្ឋាភិបាលចាត់ជាតំណាងប្រទេសខ្លួនទៅប្រចាំការក្នុងប្រទេសមួយទៀតដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចការទូតរវាងគ្នានឹងគ្នា។
-
ឯកអគ្គរាជទូត នាម
( ម . ព . ឯកអគ្គរដ្ឋទូត )។
-
ឯកអគ្គារហន្ត នាម
ព្រះអរហន្តប្រសើរឯកឬព្រះអរហន្តប្រសើរបំផុត
-
ឯកអគ្គារហា នាម
( ម . ព . ឯកអគ្គារហន្ត )។
-
ឯកអគ្រ នាម
( ម . ព . ឯកអគ្គ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។