វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 139 / 169
-
អាមេណ្ឌិតវាចា នាម
( ម . ព . អាមេណ្ឌិតពាក្យ )។
-
អាមេណ្ឌិតវាទ នាម
( ម . ព . អាមេណ្ឌិតពាក្យ )។
-
អាមេណ្ឌិតវាទិនី នាម
( ម . ព . អាមេណ្ឌិតវាទី )។
-
អាមេណ្ឌិតវាទី នាម
អ្នកដែលច្រើនតែនិយាយផ្ទួនៗ, ដូចជាលោកៗ, អ្នកៗ, តាៗ, យាយៗជាដើម។
-
អាមេណ្ឌិតសញ្ញា នាម
( ម . ព . អាមេណ្ឌិតលេខ )។
-
អាមេណ្ឌិតសព្ទ នាម
សព្ទផ្ទួនៗ, ដូចជាបា . អាបោអាបោ " ទឹកៗ"; ភិយ្យោភិយ្យោ, សំ . ភូយស៑ភូយស៑ " ច្រើនៗ ( ច្រើនក្រៃលែង ) " ជាដើម; ខ្មែរដូចជាផ្សេងៗ, ទីទៃៗ; ច្រើនៗ; តិចៗ; ដដែលៗជាដើម។
-
អាមោឃ នាម
( ម . ព . មោឃ!)។
-
អាមោទ នាម
សេចក្ដីរីករាយច្រើន; គ្រឿងឬក្លិនក្រអូបខ្លាំងឬក្រអូបសាយ, ក្រអូបឈ្ងប់, ដែលរីករាយច្រើន, ដែលមានអំណរខ្លាំង; ក្រអូបខ្លាំង, ក្រអូបសាយ។
-
អាមោទកថា នាម
សម្ដីរួសរាយឬស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅដោយមានសេចក្ដីរីករាយឬដោយមានអំណរខ្លាំង។ ( ព . កា .)
-
អាមោទគន្ធ នាម
ក្លិនក្រអូបខ្លាំង, ក្លិនក្រអូបសាយ។
-
អាមោទបុស្ប នាម
ផ្កាដែលមានក្លិនក្រអូបខ្លាំងឬក្រអូបសាយ។
-
អាមោទភាព នាម
ភាពឬដំណើរនៃអាមោទៈ។
-
អាមោទរស នាម
រសនៃអាមោទៈ។
-
អាមោទវាចា នាម
( ម . ព . អាមោទកថា )។
-
អាមោទវាទ នាម
( ម . ព . អាមោទវាចា )។
-
អាមោទៈ នាម
( ម . ព . អាមោទ )។
-
អាម៉ាស់ គុណនាម
ថោក, ថោកទាបឬទាបថោក; អាស្រូវ; អាប់, អាប់ឱន។
-
អាម៉ាស់កេរ្តិ៍
ថោកកេរ្តិ៍ឈ្មោះ។
-
អាម៉ាស់មុខ
ថោកមុខ, អាប់មុខ។
-
អាម៉ូរ៉ូស នាម
( ម . ព . កង្វាក់ )។
-
អាម៉េរិក នាម
ឈ្មោះមហាទ្វីបមួយក្នុងមនុស្សលោកនៅក្នុងចន្លោះលំហនៃមហាសមុទ្រអាត្លង់ទិកនិងមហាសមុទ្រប៉ាស៊ីហ្វិក ( រាប់ចូលក្នុងចំនួនមហាទ្វីបទាំង៥)
-
អាម៉េរិកឡាទីន នាម
ប្រទេសនៅទ្វីបអាម៉េរិកប៉ែកកណ្ដាលនិងខាងត្បូង។ប្រទេសតំបន់នេះច្រើនប្រើភាសាអេស្ប៉ាញនិងព័រទុយគេ។
-
អាម៉្ញូស នាម
( វេជ្ជ .) ស្រទាប់ក្នុងនៃភ្នាសទារកដែលអភិវឌ្ឍទៅតាមការរីកធំធាត់របស់ទារកនៅក្នុងផ្ទៃម្ដាយ
-
អាម័យ នាម
( ម . ព . អាមយ )។
-
អាយ សព្វនាម
ដែលទីទៃពីពាក្យថានាយឬខាងនាយគឺខាងនេះ, ខាងឯណេះ
-
អាយកូម នាម
វិទ្យុទាក់ទង, ពាក្យនេះហៅតាមឈ្មោះក្រុមហ៊ុនផលិតវិទ្យុទាក់ទង។
-
អាយខន នាម
( ប . ព .) រូបគំនូរតូចលើអេក្រង់ដែលតំណាងឱ្យការបំពេញកិច្ចការអ្វីមួយ។
-
អាយតនិបាត នាម
ទីបំផុតនៃនាមសព្ទដែលសម្រេចដោយវិភត្តិនាមស្រេចហើយឬពាក្យប្រែរបស់វិភត្តិនាម, ដូចជាបុរិស " បុរស " ផ្សំនឹងវិភត្តិនាមជាបុរិសោ " រីបុរស ", បុរិសំ " នូវបុរស ", បុរិសេន " ដែលបុរស ", បុរិសស្ស " ដល់បុរស " ឬ " នៃបុរស " ជាដើម; ឱ, º, ឯន, ស្សឬរី, នូវ, ដែល, ដល់, នៃជាអាយតនិបាត ( ព . វ .)។ល។ ( ព . កា .) បញ្ជាក់ការប្រើអាយតនិបាតនិបាតពួកនេះទាំងប៉ុន្មានអ្នកប្រើស្មានៗច្រើនតែភ្លាត់នៃនូវដល់ដោយគួរប្រយ័ត្នកុំឱ្យវិបត្តិខូចសេចក្ដី។គួរអ្នកស្រឡាញ់អក្សរជាតិកុំប្រើឱ្យឃ្លាតចាកវិធីគួរធ្វើសម្ព័ន្ធឱ្យខ្ទេចខ្ទីឈ្លេចឈ្លីជាមុនសិនសឹមប្រើ។ពាក្យដល់និងនៃសេចក្ដីផ្សេងជួនភ័ន្តវង្វែងប្រើសើៗបែរមានសេចក្ដីប៉ះទៅលើក្ដីច្នេះសោះតើជាច្នោះវិញ។
-
អាយតនៈ នាម
លំនៅ; អណ្ដូង; សមោសរណដ្ឋាន; សញ្ជាតិប្រទេសឬជាតិភូមិ; ហេតុឬការណ៍។ ( ព . ពុ .) ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, មនោទាំង៦នេះហៅថាអាយតនៈខាងក្នុង ( ហៅឱ្យពេញថាចក្ខ្វាយតនៈ, សោតាយតនៈ, ឃានាយតនៈ, ជិវ្ហាយតនៈ, កាយាយតនៈ, មនាយតនៈ ) ព្រោះជាលំនៅនៃអារម្មណ៍, ជាអណ្ដូងរបស់អារម្មណ៍, ជាទីប្រជុំនៃអារម្មណ៍, ជាជាតិភូមិនៃអារម្មណ៍, ជាហេតុរបស់អារម្មណ៍។រូប, សំឡេង, ក្លិន, រស, ផោដ្ឋព្វៈ, សភាវធម៌ទាំង៦នេះហៅថាអាយតនៈខាងក្រៅ ( ហៅឱ្យពេញជារូបាយតនៈ, សទ្ទាយតនៈ, គន្ធាយតនៈ, រសាយតនៈផោដ្ឋញ្វយតនៈ, ធម្មាយតនៈ ), ព្រោះជាអារម្មណ៍របស់អាយតនៈខាងក្នុងតាមមុខឬតាមនាទី, តាមកន្លែងរាល់ខ្លួន។
-
អាយតភាព នាម
ភាពដែលពឹងអាស្រ័យលើអ្នកដទៃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។