វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 2 / 204
-
សកលភាព នាម
លក្ខណៈជាសកល, ភាពជាសកល
-
សកលលោក នាម
លោកទាំងមូល, ពេញទាំងលោក។
-
សកលវិទ្យាល័យ នាម
ស្ថាប័នឧត្តមសិក្សាដែលមានបេសកកម្មផ្ដល់ការអប់រំបណ្ដុះបណ្ដាលធនធានមនុស្សចាប់ពីបរិញ្ញាបត្រឡើងទៅនៅក្នុងជំនាញវិទ្យាសាស្ត្រផ្សេងៗធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រនិងផ្ដល់នូវសញ្ញាបត្រតាមកម្រិតវិទ្យាសាស្ត្រ។
-
សកវាទិនី នាម
( ម . ព . សកវាទី )។
-
សកវាទិ៍ នាម
( ម . ព . សកវាទិ៍ )។
-
សកវាទី នាម
អ្នកពោលពាក្យខាងចំណែកខ្លួនឯងគឺអ្នកចោទសួរ, អ្នកដណ្ដឹង
-
សកវាទ៍ នាម
សម្ដីខាងចំណែកខ្លួន។
-
សកអំពៅ នាម
( ព . ប្រ .) សសរឈើដែលចាំងជាជ្រុងៗ ( ស្រដៀងនឹងដើមអំពៅដែលលួសសកសំបកហើយ ), សសរមិនលុបជ្រុង
-
សកាយទិដ្ឋិ នាម
ទិដ្ឋិដែលប្រកាន់ថាបញ្ចក្ខន្ធជារបស់ផងខ្លួន
-
សកាយនិរុត្តិ នាម
និរុត្តិរបស់ខ្លួន, និរុត្តិរៀងខ្លួនគឺភាសាសម្ដីរបស់មនុស្សរាល់ជាតិក្នុងសកលលោកដែលមានសូរសព្ទផ្សេងគ្នាថាអ្វីហៅអ្វីផ្សេងៗពីគ្នា; ទោះបីសម្ដីនោះជាសំស្ត្រឹតឬជាបាលីដែលមានអត្ថន័យត្រូវគ្នាតែមួយក៏អានឮសូរសព្ទផ្សេងគ្នាខ្លះៗដែរ, ដូចជាបាលីថាបញ្ច " ប្រាំ " នេះជនជាតិខ្លះអានថាបុ័ញចៈ, ខ្លះថាបុ័នចៈ, ខ្លះថាបុ័ញចឺៈ, ខ្លះថាប៉េញសៈ, ខ្លះថាប៉ោញចៀៈ, ខ្លះថាប៉ោងចៀៈ, យ៉ាងនេះហៅថាសកាយនិរុត្តិឬសកនិរុត្តិក៏បានព្រោះអានតាមដំណើរអណ្ដាតដែលរលាស់ថាកើតរៀងរាល់ខ្លួននៃជនជាតិនីមួយៗក្នុងសកលលោក។ក្នុងវិនយបិដកខុទ្ទកវត្ថុក្ខន្ធកមានចែងថាព្រះសក្យមុនីសម្ពុទ្ធទ្រង់អនុញ្ញាតថាឱ្យភិក្ខុទាំងឡាយអានបាលីពុទ្ធវចនៈតាមសកាយនិរុត្តិចុះ ( ព្រោះព្រះអង្គជ្រាបច្បាស់ថានឹងបង្គាប់ឬដាក់កម្រិតឬក៏បង្ខំពួកភិក្ខុដែលមានជាតិផ្សេងៗគ្នារាល់ប្រទេសឱ្យអានបាលីពុទ្ធវចនៈថាឱ្យមានសំឡេងត្រូវគ្នាតែបែបមួយពុំកើតឡើយដ្បិតមានការកម្រើកអណ្ដាតរលាស់ថាចេញវចីភេទឮផ្សេងគ្នាតាមធម្មតារបស់មនុស្សរាល់ជាតិក្នុងលោកទាំងមូល )។
-
សកិ្តសិទ្ធិភាព នាម
( សេ . ហិ .) ការប្រព្រឹត្តទៅឬការបំពេញការងារដែលសន្សំសំចៃចំណាយពេលតិច។ការប្រព្រឹត្តទៅឬការបំពេញការងារដែលខិតខំប្រឹងប្រែងតិចតួចតែទទួលបានលទ្ធផលគាប់ប្រសើរ
-
សកុណជាតិ នាម
ជាតិបក្សី, បក្សីទូទៅ
-
សកុណណ្ឌ នាម
ពងសត្វស្លាប, ស៊ុតបក្សី ( ព . ខ្ព .) ឬ ( ព . កា .)
-
សកុណាយតនៈ នាម
សមោសរណដ្ឋាននៃហ្វូងបក្សី។
-
សក់ នាម
អាការៈមួយប្រភេទជាសរសៃល្អិតៗដុះលើក្បាលមនុស្សឬលើក្បាលសត្វពួកខ្លះ
-
សក់ក នាម
រោមរឹងសរសៃថ្លោសៗដុះលើដងកសេះ ( ទីទៃពីសក់ក្បាលនិងសក់ស្វាយរបស់វា )។
-
សក់កណ្ដាញ់ នាម
សក់ដែលក្រញាញ់ចាក់ស្រែះជាប់បេះមិនចេញដូចគេព្រលាំងជ័រ។
-
សក់កណ្ដូង នាម
សក់ដែលកាត់ត្រងិលក្រោយ។
-
សក់កន្ទុយ នាម
សរសៃឬរោមវែងៗមានសណ្ឋានដូចសរសៃសក់, ដែលដុះនៅចុងដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះដូចគោ, ក្របី, សេះនិងចាមរីជាដើម
-
សក់កាន្ត នាម
( ម . ព . សក់ក័ន្ត )។
-
សក់ក័ន្ត នាម
ការកាត់សក់។សៀមសរសេរជាឝកក័ន្ត ( សុកកាន់ ), ឝក ( សុក ) " សក់ " ជាពាក្យខ្មែរ + ក័ន្ត < បា . កន្ត, សំ . កាន្ត " កាត់ " = កាត់សក់សំដៅសេចក្ដីថា " កាត់ជុកឬកាត់កំប៉ោយ "; លុះចំណេរតមកប្រើក្លាយជាសុក័ន្តឬសុកាន្ត " កាត់ដោយប្រពៃ " ជួនប្រើជាសោក័ន្តឬសោកាន្តក៏មាន, សំដៅសេចក្ដីថា " ការកាត់ជុកឬការកាត់កំប៉ោយ " ដែរ, ហៅថាកេសាក័ន្តក៏មាន, ហៅចំពោះតែការកាត់ជុកព្រះរាជកុមារឬព្រះរាជកុមារីក្នុងព្រះរាជពិធី, ពាក្យធម្មតាហៅកោរជុក, រាប់ជាការមង្គលមួយប្រភេទសម្រាប់ប្រទេសខ្មែរ។
-
សក់ក្រញាញ់ នាម
សក់រួញរេញមិនរាប។
-
សក់គោលិទ្ធ នាម
( ព . ប្រ .) សក់បាក់ក្រាបរាបលើសាច់ក្បាលវៀចប៉ាន់ប៉ែវដោយអន្លើ។
-
សក់ជ្រង នាម
( ម . ព . ជ្រង២)។
-
សក់ផ្កាថ្កូវ នាម
ម៉ូតសក់មួយបែបរបស់ស្រ្តីខ្មែរដែលកាត់ខ្លីល្មមឱ្យមានលក្ខណៈឈរត្រង់បះទៅលើរបៀបម៉ូតសក់មនុស្សប្រុស
-
សក់ពោត នាម
( ព . ប្រ .) សរសៃល្អិតៗទន់ល្មៃដែលកើតមាននៅខាងចុងផ្លែពោតមានសណ្ឋានស្រដៀងនឹងសរសៃសក់។
-
សក់ព្រៃ នាម
សក់កំណើតដែលដុះលើក្បាលកូនខ្ចីតាំងពីនៅក្នុងផ្ទៃមាតាមក
-
សក់រួញអង្គាដី នាម
( ព . ប្រ .) សក់ស្លូតដែលរួញរមួលខ្ពស់ខ្លះទាបខ្លះ។
-
សក់ល្បាយអាចម៍ខ្លា នាម
( ម . ព . សក់ស្កូវល្បាយអាចម៍ខ្លាក្នុងល្បាយ )។
-
សក់សេះ នាម
( ព . ប្រ .) ឈ្មោះប្រទាលមួយប្រភេទ ( ពួកទាល់, ពួកធ្មៅ ) មានផ្កាចេញជាសរសៃល្អិតៗវែងៗបែកសាងញ៉ាង ( ស្រដៀងនឹងសក់សេះ ), មើមប្រើធ្វើជាម្សៅសម្រាប់ធ្វើនំបាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។