វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
វ ពាក្យដែលផ្ដើមដោយ "វ" មាន 1,910 ពាក្យ
ទំព័រ 8 / 64
-
វណ្ណសូត្រ នាម
សរសៃសូត្រសរសៃអំបោះ។
-
វណ្ណសេដ្ឋ នាម
ដែលប្រសើរព្រោះពូជពង្ស ( ព្រាហ្មណ៍ឬក្សត្រិយ៍ )។
-
វណ្ណសេដ្ឋា នាម
( ម . ព . វណ្ណសេដ្ឋ )។
-
វណ្ណសំសគ្គៈ នាម
ការច្រឡំពូជពង្ស, ការលាយពូជពង្ស; ការកាត់ពូជពង្សដែលទីទៃពីគ្នា
-
វណ្ណៈ នាម
( ម . ព . វណ្ណ២)។
-
វត្ត នាម
ប្រព្រឹត្តិ, ការប្រព្រឹត្ត, សេចក្ដីប្រតិបត្តិ; មុខការ, កិច្ចដែលគួរធ្វើ; នាទី; ការកាន់សីលធម៌; សេចក្ដីគោរព; ទំនៀម, សណ្ដាប់ធ្នាប់។
-
វត្តនី នាម
ផ្លូវ, ផ្លូវធ្លា, ថ្នល់។
-
វត្តបទ នាម
ផ្លូវរបស់សីលធម៌។
-
វត្តប្បដិវត្ត នាម
វត្តប្រតិបត្តិតូចនិងធំ។
-
វត្តប្រតិបត្តិ នាម
ការប្រតិបត្តិតាមកិច្ចដែលគួរធ្វើ។
-
វត្តពូជ នាម
( ម . ព . វុត្តពីជ )។
-
វត្តមាន នាម
ការមានមុខការបង្ហាញមុខការបានចូលរួម
-
វត្តមានកាល នាម
បច្ចុប្បន្នកាល ( ព័ត៌មានកាល )។
-
វត្តមានា នាម
ឈ្មោះវិភត្តិអាខ្យាតថ្នាក់ទី១ប្រាប់បច្ចុប្បន្នកាល
-
វត្តវតី នាម
( ម . ព . វត្តវន្ត )។
-
វត្តវន្ត គុណនាម
អ្នកដែលមានវត្តប្រតិបត្តិ។
-
វត្តវន្តី នាម
( ម . ព . វត្តវន្ត )។
-
វត្តសមាទាន នាម
ការកាន់វត្តប្រតិបត្តិ។
-
វត្តសម្បន្ន នាម
អ្នកដែលបរិបូរដោយវត្តប្រតិបត្តិ។
-
វត្តសម្បន្នា នាម
( ម . ព . វត្តសម្បន្ន )។
-
វត្ថ នាម
សំពត់។
-
វត្ថកោដ្ឋាគារ នាម
ឃ្លាំងសំពត់។
-
វត្ថទាន នាម
ការឱ្យសំពត់ ( ឱ្យទានសំពត់ )។
-
វត្ថបរិភោគ នាម
ការប្រើប្រាស់សំពត់ ( ការស្លៀកដណ្ដប់ )។
-
វត្ថពន្ធ នាម
សំពត់សម្រាប់ក្រវាត់ជាបរិក្ខាររបស់បព្វជិតពុទ្ធសាសនិក, មាន២យ៉ាងគឺវត្ថពន្ធចង្កេះសម្រាប់ក្រវាត់ត្រង់ចង្កេះដើម្បីរក្សាបរិមណ្ឌលស្បង់, បាលីហៅកាយពន្ធនមាន២បែបគឺសូករន្តកៈធ្វើដោយផ្ទាំងសំពត់តូចវែងមានសណ្ឋានស្រដៀងនឹងពោះវៀនជ្រូក, បដិកៈធ្វើដោយចេសសូត្រឬអំបោះត្បាញចាក់ស្រែះជាបន្ទះមានខ្សែក្រងត្រង់ខាងចុងទាំងពីរល្មមក្រវាត់បាន ( វត្ថពន្ធចង្កេះទាំងពីរបែបនេះមានតាំងពីក្នុងពុទ្ធកាលតរៀងមក, មានពុទ្ធប្បញ្ញត្តិឱ្យពួកបព្វជិតក្រវាត់ក្នុងវេលាដែលនឹងចូលទៅក្នុងភូមិ, ឯវេលាក្រៅពីនេះមិនមានកំណត់ ); វត្ថពន្ធទ្រូងបាលីហៅឧរពន្ធនសម្រាប់ក្រវាត់ត្រង់ខាងក្រោមដោះលើផ្នត់សង្ឃាដីដែលពាក់ពាតលើស្មាខាងធ្វេងពីលើចីពរដែលគ្រងដើម្បីរក្សាបរិមណ្ឌលចីពរនិងសង្ឃាដីកុំឱ្យធ្លាក់រយីករយាក ( ប្រើក្នុងវេលាពាក់ផ្នត់សង្ឃាដីពាតលើឧត្តរាសង្គៈ ); វត្ថពន្ធទ្រូងនេះកើតមានក្នុងសម័យខាងក្រោយពុទ្ធកាលស្រករគ្នានឹងសំពត់អង្ស័ក; វត្ថពន្ធទ្រូងនិងអង្ស័កទាំងពីរមុខនេះជាបរិក្ខារចោឡៈគឺជាគ្រឿងបរិក្ខាររាយរង, ត្រូវការប្រើប្រាស់ក៏បានមិនបាច់ប្រើក៏បានប្រហែលគ្នានឹងគ្រឿងបរិក្ខារតូចៗដូចយ៉ាងកន្សែងជូតមុខជាដើមនោះដែរមានក៏បានមិនបាច់មានក៏បាន ( ព . វិ .)។
-
វត្ថពន្ធន៍ នាម
( ម . ព . វត្ថពន្ធ )។
-
វត្ថភោគ នាម
( ម . ព . វត្ថបរិភោគ )។
-
វត្ថលាភ នាម
ការបានសំពត់។
-
វត្ថសោធនី នាម
ច្រាសឬប្រែងសម្រាប់ជម្រះធូលីដែលប្រឡាក់សំពត់។
-
វត្ថាភរណៈ នាម
សំពត់និងអាភរណៈ ( គ្រឿងអម្ពរ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។