វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ម ពាក្យដែលផ្ដើមដោយ "ម" មាន 1,771 ពាក្យ
ទំព័រ 58 / 60
-
ម្រឹត្យូវ នាម
( ម . ព . ម្រឹត្យុ )។
-
ម្រឹទិនី នាម
ដីល្អ, ដីមានជីជាតិ
-
ម្រុម នាម
ឈ្មោះឈើមួយប្រភេទមែកស្រួយងាយបាក់ជាជាតិឈើចាញ់ទឹក, ស្លឹកខ្ចីប្រើជាបន្លែស្លស្រឡក់ផ្លែវែងៗសាច់រឹងមានសរសៃប្រើជាបន្លែស្លម្ជូរបាន ( សរសេរម្រុំក៏បាន )។
-
ម្រុំ នាម
( ម . ព . ម្រុម )។
-
ម្រើមព្រះ នាម
ឈ្មោះសុខុមសត្វមួយប្រភេទពួកសហស្សបទីកើតនៅតែនឹងដីសើមជ្រកអាស្រ័យនៅនឹងទីសុកមម៉ុកដែលមានស្លឹកឈើឬសំរាមជាដើម។
-
ម្រេច នាម
ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទដើមនិងស្លឹកស្រដៀងនឹងម្លូតែស្លឹកតូចៗក្រាស់រឹងជាងម្លូផ្លែចេញជាស្មែងគ្រាម់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួលប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទក្នុងកម្ពុជរដ្ឋមានដាំក្នុងខែត្រកំពតច្រើនជាងទីឯទៀត។
-
ម្រេចកង្កែប នាម
ឈ្មោះស្មៅមួយប្រភេទដើមរឹងស្រួយមានផ្លែគ្រាប់ល្អិតក្លិនប្រហើរឆួលស្រដៀងនឹងក្លិនផ្លែម្រេចខ្ចី។
-
ម្រេចកោរ នាម
ម្រេចដែលគេបេះផ្លែទុំហើយត្រាំទឹកឱ្យរលួយសំបកនៅតែគ្រាប់មានសម្បុរសដូចគ្នានឹងម្រេចអាចម៍សត្វដែរ ( ម្រេចនេះបែបដែលសម្រាំងមានតម្លៃជាងម្រេចធម្មតាដែលហៅថាម្រេចខ្មៅ )។
-
ម្រេចស នាម
( ម . ព . ម្រេចកោរ )។
-
ម្រេចអាចម៍សត្វ នាម
គ្រាប់ម្រេចដែលជាអាចម៍សត្វបក្សីចំពួកខ្លះមានពពេចជាដើមព្រោះវាចឹកស៊ីផ្លែម្រេចទុំ ( មានតម្លៃស្មើគ្នានឹងម្រេចសយ៉ាងល្អ )។
-
ម្រេញ នាម
ឈ្មោះរោគពួកមួយមានច្រើនបែបបណ្ដាលឱ្យសាច់ព្រោកជ្រោកជ្រាកធ្វើឱ្យស្គមច្រើនតែចាប់កើតត្រង់កជារោគរឹងត្អឹងរក្សាឱ្យជាបានដោយកម្រណាស់
-
ម្រេញកង្វាល នាម
បិសាចពួកមួយតាមពាក្យបរម្បរាថាតែងសម្ដែងខ្លួនឱ្យឃើញរូបជាកូនក្មេងនៅអាស្រ័យតាមដងព្រៃជាបិសាចគ្រប់គ្រងឃ្វាលរក្សាពួកសត្វព្រៃ; អ្នកខ្លះដែលប្រកាន់ជឿខ្មោចបិសាចរមែងរាប់អានបូជាដោយផ្ទុកផ្ដាក់ថាឱ្យជួយឃ្វាលរក្សាគោក្របីឬដំរីសេះឱ្យផង
-
ម្រែង នាម
មន្ទិលខ្មៅដែលកកើតអំពីផ្សែងហុយកាន់កកជាដុំធូលី
-
ម្រោម នាម
ឈ្មោះភមរជាតិពួកមួយស្រដៀងនឹងឃ្មុំតែតូចៗ, មិនចេះទិចទេ ( ព្រោះគ្មានទ្រនិច ) ចេះតែខាងរោមខាំបន្តិចៗ, ត្រឹបយកទឹកដមនិងលម្អងផ្កាដូចឃ្មុំតែធ្វើសំបុកនៅក្នុងរន្ធឈើមានទឹកផ្អែមឈ្ងុយមានក្រមួនព័ណ៌ខ្មៅហៅថាជ័រម្រោម; ម្រោមមានពីរយ៉ាងគឺម្រោមខ្សោយឬម្រោមតូចមានរូបតូចៗបន្តិចមានទឹកផ្អែមឈ្ងុយស្រាល
-
ម្រះ នាម
ឈ្មោះវល្លិដំណាំឡើងទ្រើងមួយប្រភេទមានស្លឹកឆែកៗផ្លែមានពករម៉ិងរម៉ង់; ស្លឹក, ត្រួយនិងផ្លែមានរសល្វីងប្រើការជាបន្លែឬផ្លែប្រើជាអន្លក់ក៏បាន
-
ម្រះព្រៅ នាម
ឈ្មោះឈើតូចមួយប្រភេទពួកជីរស្លឹកនិងផ្កាមានក្លិនហាងប្រហើរប្រើជាគ្រឿងបង់សម្លម្ជូរបែបខ្លះ ( ហៅថាម្រះព្រៅតូចឬម្រះព្រៅសម្លក៏បាន )។
-
ម្រ៉ាងឡើយ គុណកិរិយា
( ម . ព . ម៉្រាង )។
-
ម្រ័ក្សណ៍ នាម
ឈ្មោះជ័រកើតអំពីដើមគ្រើលមានសម្បុរខ្មៅក្លិនហាងឆួលសម្រាប់ប្រើការលាបលន
-
ម្រ័ក្សណ៍បារាំង នាម
ម្រ័ក្សណ៍ដែលនាំមកពីប្រទេសបារាំង។
-
ម្រ័ក្សណ៍រោល កិរិយាសព្ទ
ចំហាយម្រ័ក្សណ៍ដែលរោលស្បែកមនុស្សឱ្យឡើងផេរកន្ទឹសស្កៀបខ្លាំងបណ្ដាលឱ្យចង់តែអេះ ( សរសេរក្លាយជាម្រាក់យូរអង្វែងណាស់មកហើយ, ត្រូវសរសេរម្រ័ក្សណ៍វិញទើបត្រឹមត្រូវតាមប្រភពនៃពាក្យ )។
-
ម្លប់ នាម
ទីដែលមានស្រមោលបាំងកម្ដៅព្រះអាទិត្យ
-
ម្លប់សម្ភារ នាម
ម្លប់តេជះ, ម្លប់បុណ្យ
-
ម្លាន់ គុណនាម
ដែលមានរសស្ទើរផ្អែមស្ទើរភ្លាវជាដើមឬដែលរអៀចៗនាំឱ្យទ្រលាន់ឬឆ្អើមលំបាកលេបមិនចុះ
-
ម្លាយៗ គុណកិរិយាគុណនាម
ដែលមានសព្ទវាចាវែងៗរង្វើលៗទាំងមិនសូវច្បាស់លាស់ផង
-
ម្លិះ នាម
ឈើតូចពួកមួយផ្កាសម្បុរសក្លិនក្រអូបត្រជាក់, គេដាំយកផ្កាប្រើការបានច្រើនយ៉ាង។
-
ម្លិះរួត នាម
ម្លិះដែលមានផ្កាជារួតៗច្រើនស្រទាប់; ម្លិះលាម្លិះដែលមានផ្ការីកលាឥតរួត។
-
ម្លិះលា នាម
ម្លិះមួយប្រភេទមានស្រទាប់ផ្ការីកលាកំពាងឥតរួត។
-
ម្លឺតៗ គុណកិរិយា
ដែលដកកយឺតៗដោយខំប្រឹងលេបឬខំប្រឹងទាញជាដើម
-
ម្លូ នាម
វល្លិឡើងជន្លង់ពួកមួយមានឈ្មោះច្រើនយ៉ាង, ដើមនិងស្លឹកមានរសហាងក្លិនប្រហើរឆួលបន្តិចៗ, គេដាំជារបរប្រើស្លឹកជាគ្រឿងផ្សំជាមួយនឹងកំបោរ, ស្លាជាដើមទំពាបំបាត់ក្លិនមាត់មិនឱ្យធុំអាក្រក់។
-
ម្លូជីប នាម
( ម . ព . ស្លាជីប )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។