វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 3 / 50
-
ពង្វីពង្វក់ កិរិយាសព្ទ
ធ្វើឱ្យវីវក់។
-
ពង្វឹក កិរិយាសព្ទ
ធ្វើឱ្យវឹក, នាំឱ្យវឹក។
-
ពង្វៀន កិរិយាសព្ទ
( ម . ព . បង្វៀន )។
-
ពង្វៀះ កិរិយាសព្ទ
( ម . ព . បង្វៀះ )។
-
ពង្វេះ កិរិយាសព្ទ
ធ្វើឱ្យវេះ, នាំឱ្យគេចចេញ
-
ពង្ស នាម
វង្ស, ត្រកូល, ពូជ, អម្បូរ។
-
ពង្សចរិត នាម
ដំណើរ, លំអាន, នៃវង្សត្រកូល។
-
ពង្សប្រព្រឹត្ត នាម
( ម . ព . ពង្សចរិត )។
-
ពង្សប្រព្រឹត្តិ នាម
( ម . ព . ពង្សចរិត )។
-
ពង្សប្រវត្តិ នាម
( ម . ព . ពង្សប្រព្រឹត្ត )។
-
ពង្សពូជឧត្តម នាម
( ម . ព . ពូជពង្សឧត្តម )។
-
ពង្សាវតារ នាម
រឿងរ៉ាវតាមលំដាប់នៃវង្សត្រកូល, ប្រវត្តិដែលឆ្លងពីសង្កាត់មួយមកសង្កាត់មួយ, ដំណើរសេចក្ដីសម្ដែងអំពីតំណនៃវង្សត្រកូល
-
ពង្សាវលី នាម
ខ្សែញាតិវង្ស, ចំបួរវង្សត្រកូល។
-
ពញា នាម
ពាក្យពញានេះជាអញ្ញត្រសព្ទពីព្រោះត្រូវសរសេរផ្ញើជើងញជាញបែរជាសរសេររាយតួជាពញាវិញដើម្បីកុំឱ្យច្រឡំនឹងឭ ( ឭឮ ); កាលពីបុរាណព្រេងនាយហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថាពញាដូចជាពញាយ៉ាត, ពញាតូជាដើម, លុះចំណេរកាលតមក, លែងហៅពញាបែរជាហៅអង្គវិញដូចជាអង្គអិម, អង្គអេង, អង្គតន់, អង្គដួងជាដើម, ចំណេរកាលតពីនោះមកប្រែហៅថាព្រះអង្គម្ចាស់វិញដរាបដល់មកសម័យបច្ចុប្បន្ននេះ។ក្នុងសម័យបន្ទាប់ពីប្រែពញាជាអង្គវិញនោះព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យពញានេះមកប្រើជាឋានន្តរនៃមន្ត្រីថ្នាក់ខ្ពស់វិញប្រើជា៣ថ្នាក់គឺពញា, ចៅពញា, សម្ដេចចៅពញា; លុះចំណេរកាលតពីនោះមកទៀតប្រើពាក្យឲកញ៉ា, អ្នកឲកញ៉ា, លោកអ្នកឲកញ៉ាជាជំនួសពាក្យពញាវិញដរាបមកដល់សព្វថ្ងៃនេះ; ឯពាក្យពញាបែរប្រើជាឋានន្តរមេឃុំវិញថាពញារក្សាភិបាលឃុំ ...; មកដល់សម័យរាជការសង្គមរាស្ត្រនិយមព្រះពុទ្ធសាសនាឯករាជអព្យាក្រឹតផ្លាស់ពាក្យមេឃុំជានាយសង្កាត់វិញថានាយសង្កាត់ ...; ទាំងពាក្យឃុំក៏ហៅថាសង្កាត់ដែរហៅថាសង្កាត់នេះសង្កាត់នោះតាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថាសង្កាត់លេខ១; សង្កាត់លេខ២; សង្កាត់លេខ៣។ល។ ( នេះជាប្រវត្តិនៃពាក្យពញា )។
-
ពញាក្រែក នាម
ឈ្មោះមនុស្សម្នាក់ជាតិជាខ្មែរសុទ្ធជាបុរសមានបុណ្យអស្ចារ្យបានសោយរាជ្យជាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋ។
-
ពញារក្សាភិបាល នាម
( ម . ព . ពញា )។
-
ពញាឮ នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុកហៅថាស្រុកពញាឮនៅក្នុងអំណាចខែត្រកណ្ដាល។
-
ពញ្ញាក់ កិរិយាសព្ទ
ធ្វើឱ្យភ្ញាក់។
-
ពណ៌ នាម
សម្បុរ
-
ពណ៌នា នាម
ពាក្យពោលរៀបរាប់, ពាក្យអធិប្បាយសេចក្ដី, អដ្ឋកថានិយាយក្លាយជាពាណ៌នា។
-
ពណ្ណរាយ គុណនាម
ដែលធ្វើព័ណ៌សម្បុរឱ្យរាយគឺដែលភ្លឺត្រចះ, ដែលមានពន្លឺឬរស្មីរុងរឿងចាំងព្រោងព្រាយ; ភ្លឺថ្លា; ល្អប្រពៃ
-
ពត់ កិរិយាសព្ទ
បត់បំបែរ, ធ្វើឱ្យងាកបែរ, តម្រង់, បង្កោង, បង្កុងតាមបំណងគឺធ្វើវត្ថុវៀចឱ្យត្រង់ឬធ្វើវត្ថុត្រង់ឱ្យវៀចឱ្យកោងជាដើម
-
ពត់ចិត្ត កិរិយាសព្ទ
ទូន្មានចិត្តដែលវៀចឱ្យងាកបែរមករកផ្លូវត្រង់។
-
ពទ្ធសីមា នាម
ឈ្មោះសីមាមួយប្រភេទដែលសង្ឃសូត្រចងតាមលក្ខណៈច្បាប់វិន័យព្រះពុទ្ធសាសនាកំណត់ជាព្រំដែនសម្រាប់ធ្វើសង្ឃកិច្ចផ្សេងៗ
-
ពន កិរិយាសព្ទ
សំពះ, ថ្វាយបង្គំ; ពាក្យទំយើសម្រាប់បង្គាប់កូនក្មេងតូចឱ្យសំពះ, ឱ្យថ្វាយបង្គំ
-
ពនាល័យ នាម
លំនៅក្នុងព្រៃ; ការនៅក្នុងព្រៃ។
-
ពនាស័យ នាម
( ម . ព . ពនាស្រ័យ )។
-
ពនាស្រម នាម
អាស្រមក្នុងព្រៃគឺរោងឬខ្ទមជាលំនៅរបស់យោគី, តាបស, ឥសីនៅក្នុងព្រៃ។
-
ពនាស្រ័យ នាម
អ្នកនៅក្នុងព្រៃ; ការនៅក្នុងព្រៃ។
-
ពនិតា នាម
ស្ត្រី; ភរិយា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។