វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 2 / 109
-
បក្ខានុគ្រោះ នាម
សេចក្ដីលម្អៀងដោយអនុគ្រោះចំពោះមនុស្សឬក្រុមណាមួយ; ការកាន់ជើង។
-
បក្ស នាម
( ម . ព . បក្ខ )។
-
បក្សា នាម
សត្វស្លាបទាំងឡាយ ( ខ្មែរយើងប្រើតាមទម្លាប់សំដៅចំពោះតែពួកសត្វស្លាបឈ្មោល )។
-
បក្សី នាម
សត្វមានស្លាប ( សត្វស្លាប )។ខ្មែរយើងច្រើនហៅចំពោះតែសត្វស្លាបញី; ប៉ុន្តែសំ . បក្សិណី; បា . បក្ខិនី « សត្វស្លាបញី »។
-
បក្សីវប្បកម្ម នាម
ការចិញ្ចឹមបក្សីតាមលក្ខណៈបច្ចេកទេស។
-
បក្សីវប្បករ នាម
អ្នកចិញ្ចឹមបក្សី ( សត្វស្លាប )។
-
បក្សីវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីបក្សី ( សត្វស្លាប )។
-
បក្សីសាស្ត្រ នាម
( ម . ព . បក្សីវិទ្យា )។
-
បង គុណនាមនាម
ដែលកើតមុន, ដែលមានអាយុលើសជាង ( ទីទៃពីប្អូន )
-
បងចិញ្ចឹម នាម
អ្នកដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួនបានចិញ្ចឹមរក្សាខ្លួនមកដូចបងបង្កើត។
-
បងជីដូនមួយ នាម
បងដែលមានជីដូនជីតាជាមួយគ្នានឹងខ្លួន។
-
បងជីទួតមួយ នាម
បងដែលមានជីទួតជាមួយគ្នានឹងខ្លួន។
-
បងជីលួតមួយ នាម
បងដែលមានជីលួតជាមួយគ្នានឹងខ្លួន។
-
បងថ្លៃ នាម
បងរបស់ប្ដីឬបងរបស់ប្រពន្ធ។
-
បងធម៌ នាម
អ្នកឯទៀតដែលមានអាយុច្រើនស្រករនឹងបងរបស់ខ្លួននឹងយកជាមិត្រសំឡាញ់មិនសមព្រោះមានអាយុមិនស្មើគ្នាក៏សុំគ្នាជាបងជាប្អូនរាប់អានគ្នាតាមធម៌ទុកស្មើបងប្អូនបង្កើតហៅថាបងធម៌, ប្អូនធម៌។
-
បងប្អូនប្រធាក់ទងសុក នាម
បងប្អូនបង្កើតរួមមាតាមួយ ( ច្រើនតែហៅកូនភ្លោះ )។
-
បង់ កិរិយាសព្ទនាម
ចេញប្រាក់, ដាក់ប្រាក់តាមកំណត់
-
បង់ក កិរិយាសព្ទ
ពាក់សំពត់លើស្មាម្ខាងសំយុងមកខាងមុខនិងទៅខាងក្រោយ, ហៅថាបង់កស្មាម្ខាង។ដាក់សំពត់លើស្មាទាំងពីរសំយុងចុងទាំងពីរមកខាងមុខឬទៅខាងក្រោយ, ហៅថាបង់កស្មាទាំងពីរ។
-
បង់ក្មេង គុណនាមនាម
របែងរនាប, របែងព្រួលឬបន្ទោះល្អីជាដើមដែលថែមលើសខុសពីជួរឯទៀតគ្រាន់តែជួសស៊ែមមិនផុតចុងផុតដើម
-
បង់ខ្លាញ់ នាម
ឈ្មោះនំចំហៀវខ្លាញ់មួយប្រភេទ
-
បង់ឃ្លាត កិរិយាសព្ទ
ធ្វើឱ្យឃ្លាត, ធ្វើឱ្យឃ្លាតពីគ្នា
-
បង់ចាញ់ គុណនាម
ដែលថយជាងគ្នាគឺដែលមានចំនួន, ទំហំ, កម្ពស់, ប្រវែងជាដើមថយជាងគ្នា។
-
បង់ចំណែង កិរិយាសព្ទ
ធ្វើឱ្យឆ្នែង។
-
បង់ចំទាញ កិរិយាសព្ទ
( ម . ព . បង់ជំទាញ )។
-
បង់ជំទាញ កិរិយាសព្ទ
កន្ធាំងជើងជ្រែងដៃទាំងពីរគូទរាបផ្ទាល់នឹងផ្ទៃដែលអង្គុយ
-
បង់បត់ នាម
ទេព្រក្ស, អ្នកតានៅព្រៃធំឬនៅដើមឈើធំឬក៏នៅភ្នំ, នៅទួលធំ, នៅកោះដែលមនុស្សអ្នកប្រកាន់ជឿៗថាមានឫទ្ធិស័ក្ដិសិទ្ធិ ( ប្រហែលជាក្លាយមកពីពាក្យថាបាំងបាត់ទេដឹង? ដ្បិតមានគេនិយាយតំណាលថាទេព្រក្សឬអ្នកតាទាំងនោះចួនកាលបំបាំងទ្រព្យរបស់មនុស្សណាមួយដែលធ្វើទាស់ខុសឱ្យបាំងបាត់មើលមិនឃើញ, លុះតែអង្វរករបន់ស្រន់ត្រូវទើបឱ្យមើលឃើញវិញ; អ្នកស្រុកខ្លះហៅថាអស់លោក )។
-
បង់បាញ់ នាម
ចន្ទល់វែងដែលទល់ជ្រែង
-
បង់បោយ កិរិយាសព្ទ
ដើរយោលដៃ
-
បង់បោយរលាស់ដៃ
បង់បោយកម្រើកចុងដៃខ្វិចៗឬធ្លោយៗខ្ជាកៗ។
-
បង់ម្សៀត គុណកិរិយាគុណនាម
បង់ប្រយោជន៍, អសារឥតការ, ដែលគួរតែចោល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។