វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ធ ពាក្យដែលផ្ដើមដោយ "ធ" មាន 366 ពាក្យ
ទំព័រ 4 / 13
-
ធម្មភេទ នាម
ការបំបែកជាក្រុមតូចៗនៃក្រុមណាមួយដោយសារគោលបំណងនិងជំនឿមិនដូចគ្នា, ការបែកជាពួកក្នុងលទ្ធិសាសនា។
-
ធម្មមន្ទីរ នាម
ផ្ទះ, កន្លែងតម្កល់ធម៌គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ។
-
ធម្មមាមកៈ នាម
អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញគឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្តឥតមានងាកបែរ។
-
ធម្មមូល នាម
ឫសគល់នៃធម៌, ទីតាំងនៃធម៌
-
ធម្មមោទនា នាម
សេចក្ដីរីករាយចំពោះធម៌។
-
ធម្មយុត្ត នាមគុណនាម
អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌។
-
ធម្មយុត្តិ នាម
( ម . ព . ធម្មយុត្ត )។
-
ធម្មយុត្តិកនិកាយ នាម
ឈ្មោះគណៈបព្វជិតក្នុងព្រះពុទ្ធសាសនាសម័យសព្វថ្ងៃនេះដែលជាគូគ្នានឹងមហានិកាយ។
-
ធម្មរក្ខិត គុណនាមនាម
អ្នករក្សាធម៌។ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា។ចួនកាលប្រើជាសមណស័ក្ដិទីរាជាគណៈក៏មាន។
-
ធម្មរក្ខិតា នាម
ស្ត្រីដែលជនអ្នកប្រព្រឹត្តធម៌ត្រូវគ្នាគ្រប់គ្រងរក្សាជាធំត្រួតត្រាលើ
-
ធម្មរក្សា នាម
ការរក្សាធម៌។ពាក្យនេះសព្វថ្ងៃខ្មែរយើងប្រើជាងារមន្ត្រីក្នុងក្រុមសង្ឃការី
-
ធម្មរតនៈ នាម
កែវគឺព្រះធម៌ឬព្រះធម៌ដែលទុកជាកែវដ៏វិសេស។
-
ធម្មរតិ
អំណរចំពោះធម៌។
-
ធម្មរស
រសធម៌។
-
ធម្មរាជ នាម
លោកដែលជាស្ដេចព្រោះត្រាស់ដឹងធម៌ ( ព្រះសព្វញ្ញុពុទ្ធ )
-
ធម្មរ័តន៍ នាម
( ម . ព . ធម្មរតនៈ )។
-
ធម្មលាភ នាម
លាភដែលកើតដោយធម៌, ការបានអ្វីៗដោយនូវធម៌
-
ធម្មលិខិត នាម
អ្នកសរសេរ, កត់ត្រា, ចម្លងធម៌។ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្ដិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់
-
ធម្មវិធី នាម
បែបផែននៃធម៌, វិធីប្រតិបត្តិធម៌។
-
ធម្មវិភាគ នាម
ការចែកធម៌ជាពួកជាកង; ចំណែកធម៌, កងធម៌។
-
ធម្មសង្គាយនា នាម
( ម . ព . ធម្មសង្គីតិ )។
-
ធម្មសង្គាហកត្ថេរ នាម
ពួកព្រះថេរៈអ្នកសង្គាយនាធម៌គឺពួកព្រះថេរានុត្ថេរៈដែលប្រជុំគ្នាផ្ទៀងព្រះត្រៃបិដកដូចកាលប្រជុំធ្វើបឋមសង្គាយនាជាដើម។
-
ធម្មសង្គីតិ នាម
ការប្រជុំផ្ទៀងធម៌គឺការផ្ទៀងផ្ទាត់រួបរួមធម្មវិន័យឱ្យមានរបៀបត្រឹមត្រូវតាមបែបដើម ( ហៅថាធម្មសង្គាយនាក៏បាន )។
-
ធម្មសង្គីតិកាចារ្យ នាម
ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ ( ពាក្យនេះជាវេវចនៈនៃធម្មសង្គាហកត្ថេរ )។
-
ធម្មសភា នាម
សាលាសម្រាប់ប្រជុំប្រឹក្សាអំពីធម៌។សាលាយុត្តិធម៌សាលាជំនុំក្ដី។
-
ធម្មសាកច្ឆា នាម
ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌
-
ធម្មសាត្រ នាម
( ម . ព . ធម្មសាស្ត្រ២)។
-
ធម្មសាមី នាម
ម្ចាស់លើគេព្រោះបានត្រាស់ដឹងធម៌ ( ព្រះសព្វញ្ញុពុទ្ធ )
-
ធម្មសារ នាម
ខ្លឹមធម៌, ធម៌មានខ្លឹមគឺធម៌ដែលនាំអ្នកប្រព្រឹត្តឱ្យរួចចាកទុក្ខ។
-
ធម្មសាលា នាម
សាលាសម្រាប់សាធុជនប្រជុំស្ដាប់ធម៌, ប្រឹក្សាអំពីធម៌; សាលាសម្រាប់ប្រជុំរៀនធម៌ ( រោងរៀនធម៌ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។