វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 27 / 31
-
ជំរុញ កិរិយាសព្ទ
រុញដោយតឿនបង្ខំ, បង្ខំដូចគេរុញ
-
ជំរឿន កិរិយាសព្ទនាម
ត្រួតត្រាដើម្បីឱ្យចម្រើនប្រយោជន៍ឡើង; ដាស់តឿន, ក្រើនព្រមានឱ្យដឹងជាមុន
-
ជំរឿនប្រជាជន នាម
ការប្រមូលទិន្នន័យពីប្រជាជនទាំងអស់ដែលរួមមានទិន្នន័យផ្សេងៗដូចជាអាយុភេទមុខរបរស្ថានភាពអាពាហ៍ពិពាហ៍ការសិក្សាស្ថានភាពសេដ្ឋកិច្ចសង្គម ...។
-
ជំរំ នាម
ទីសម្រាប់ជ្រកអាស្រ័យបណ្ដោះអាសន្នធ្វើដោយមែកឈើស្លឹកឈើឬចំបើងជាដើម។
-
ជំលាប កិរិយាសព្ទ
បំភ័យ, គំរាមកំហែងឱ្យខ្លាច, សំដែងអាការគំរាមឱ្យភ័យខ្លាច។
-
ជំហប់ នាម
ការឈប់, ដំណើរដែលឈប់; កន្លែងដែលឈប់
-
ជំហម កិរិយាសព្ទ
ឈមមុខទៅរក, ទទូចមើលគេបរិភោគអាហារដោយមានបំណងឱ្យគេឱ្យខ្លួនបរិភោគផង។ពាក្យនេះមានន័យឱ្យប្រើបានច្រើនយ៉ាង
-
ជំហរ គុណកិរិយានាម
កម្ពស់ដែលឈរ, ឥរិយាបថឈរ, ភាពដែលឈរ
-
ជំហាញ កិរិយាសព្ទគុណកិរិយា
យះកន្ធែងបង់ជំទាញ ( សម្រាប់ប្រើជាវិសេសនៈនឹងពាក្យអង្គុយ )
-
ជំហាន នាម
រង្វាស់ដែលឈានជើងពី១ទៅ១, ចន្លោះជើងដែលឈានដើរ
-
ជំហូស នាម
ការឈូស, អំពើដែលឈូសអ្វីៗ
-
ជំហោង នាម
ការឈោង; រយៈទីដែលអាចឈោងដៃទៅដល់, ចន្លោះដែលអាចលូកឈោងដៃចាប់បាន
-
ជំហៅ កិរិយាសព្ទ
( ម . ព . ចំហូវ )។
-
ជះ កិរិយាសព្ទ
បាចចោលដោយប្រដាប់មានភាជន៍, ផ្តិលជាដើម
-
ជ័យ នាម
ជម្នះ, ការឈ្នះ
-
ជ័យជម្នះ នាម
ជោគជ័យ, ការឈ្នះក្នុងការប្រយុទ្ធឬប្រឡងប្រជែងណាមួយ
-
ជ័យភណ្ឌ នាម
ទ្រព្យសម្បត្តិឬរបស់ដែលរឹបអូសបានពីសត្រូវពេលមានសឹកសង្គ្រាម។
-
ជ័យលាភី នាម
អ្នកទទួលជ័យជម្នះពីការប្រឡងប្រជែង
-
ជ័យសួស្ដិ៍ នាម
ឈ្មោះរបៀបមង្គលការកូនប្រុសស្រីមួយបែបដែលមានពិធីហូតដាវងាឡើងហាក់ដូចជាប្រហាររូបសាមីខ្លួនកូនប្រុសនៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នាក្នុងកាលជាទីបញ្ចប់កិច្ចមង្គលការឱ្យពរចងដៃ, អ្នកដែលរាំហូតដាវនោះស្រែកសួរអ្នកទាំងអស់ថាជ័យហោង? អ្នកឯទៀតឆ្លើយឡើងថាជ័យ! អ្នករាំសួរទៀតថាសួស្ដិ៍ហោង? អ្នកឆ្លើយៗថាសួស្ដិ៍! អ្នករាំសួរបញ្ចប់ថាយកអ្វីជាបន្ទាល់? អ្នកឆ្លើយៗថាយកហ៊ោ! អ្នកទាំងអស់ក៏តាំងហ៊ោក្រេវព្រមគ្នាឡើង ... ( របៀបមង្គលការបែបក្នុងសម័យបុរាណហៅថាមង្គលការជ័យសួស្ដិ៍ )។
-
ជ័យស្រី នាម
ជម្នះនិងសិរីស្រីសួស្ដីព្រោះមានជម្នះ។
-
ជ័រ នាម
ខ្លាញ់រុក្ខជាតិ, លតាជាតិឬតិណជាតិចំពូកខ្លះមានសម្បុរផ្សេងៗមានលក្ខណៈស្អិត។
-
ជ័រកៅស៊ូ នាម
ជ័រដែលយកបានពីដើមកៅស៊ូ
-
ជ័រក្រាក់ នាម
ជ័រដែលចេញព្រោះកម្ដៅភ្លើងឆេះរណ្ដៅជ័រកាលនៅក្ដៅរាវថ្លាលុះអស់អំណាចក្ដៅក៏កករឹងក្ដាំង។
-
ជ័រចុង នាម
ជ័រដែលហូរចេញឯងអំពីឈើផ្ចឹកជាដើមកករឹងស្រួយ។
-
ជ័រចេក នាម
ទឹកសុក្កៈ ( ពាក្យបញ្ជៀសដោយប្រដូចនឹងជ័រនៃចេក )។
-
ជ័រឆក់ នាម
ជ័រមានពិសសម្រាប់លាបគ្រឿងប្រហារមានព្រួញជាដើម។
-
ជ័រទឹក នាម
ជ័រដែលចេញអំពីរណ្ដៅជ័រនៅក្រោមដើមត្រាចឬដើមឈើទាលមានលក្ខណៈរាវ, ជ្រាយ, ទន់។
-
ជ័របាម នាម
ជ័រដែលគេស្លឬដែលគេដំឱ្យបែកសាច់ស្អិតខ្លាំងសម្រាប់ដាក់ឱ្យជាប់សត្វបក្សី។
-
ជ័រលុប នាម
ជ័រសម្រាប់ដុសលុបស្នាម, គំនូស, អក្សរដែលគូស, ដែលសរសេរដោយខ្មៅដៃឬដោយទឹកសរសេរ, ហៅកៅស៊ូលុបក៏បាន។
-
ជ្ញានេន្ទ្រិយ
ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, ស្បែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។