វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 13 / 27
-
គូ នាមសព្វនាម
ស្នាមភ្លោះព័ទ្ធជុំវិញបន្ទាយឬវាំង; ពាក្យបុរាណហៅកសិណដូចយ៉ាងកសិណព័ទ្ធជុំវិញនគរវត្តជាដើមជាប់ហៅរៀងមករហូតមកដល់សព្វថ្ងៃនេះ។
-
គូក នាមឧទានសព្ទ
ឈ្មោះសត្វស្លាបមួយប្រភេទសន្តានទីទុយ, មៀម, ចេញរកស៊ីតែក្នុងវេលាយប់រាប់បញ្ចូលក្នុងពួកសត្វរត្តិចរ។
-
គូកន នាម
កនដែលជាគូនឹងគ្នា, មនុស្សដែលជាមិត្រនឹងគ្នា, មិត្រសម្លាញ់, ដៃគូ។
-
គូកម្ម នាម
បុរសនិងស្ត្រីបានគ្នាជាប្ដីប្រពន្ធហើយព្រាត់គ្នាទៅវិញក្នុងកាលរហ័សឆាប់។
-
គូក្ដី នាម
គូទំនាស់, ដើមចោទនិងចុងចោទក្នុងតុលាការ
-
គូឆាយ នាម
តិណជាតិអម្បូរខ្ទឹមមានប្រភពដុះនៅតំបន់អាស៊ី។ស្លឹកគេប្រើធ្វើជាម្ហូបបន្លែនិងនំ។ស្លឹកនិងគ្រាប់វាគេអាចយកទៅប្រើជាឱសថ
-
គូថ នាម
អាចមឬអាចម៍, ឧច្ចារៈ, លាមក
-
គូទ នាម
អវយវៈត្រង់ចំណែកកាយខាងក្រោយជិតវច្ចទ្វារ
-
គូធ នាម
( ម . ព . គូថ )។
-
គូប នាម
ឯកតាមួយដែលប្រើប្រាស់នៅក្នុងការវាស់មាឌនិងការវាល់ចំណុះ
-
គូប៉ុង នាម
ក្រដាសឬបណ្ណសម្គាល់មានទម្រង់ផ្សេងៗដែលអាចឱ្យអ្នកប្រើប្រាស់អាចទិញទំនិញឬទទួលសេវាអ្វីមួយដោយមិនបាច់បង់ប្រាក់ឬចុះតម្លៃតាមកម្រិតកំណត់មួយ
-
គូព្រេង នាម
គូសំណាងដែលបានសាងសូមប្រាថ្នាជាមួយគ្នាពីជាតិមុនមក ( ប្រើចំពោះតែបុរសនិងស្ត្រី )។
-
គូរ កិរិយាសព្ទប.
ធ្វើឱ្យកើតជាគំនូរតំណាងរូបរាងសរពើដោយដីខ្មៅ, ប៉ាកកាឬជក់
-
គូលី នាម
មនុស្សដែលស៊ីឈ្នួលធ្វើការ។ពាក្យនេះមានដើមកំណើតនៅប្រទេសហិណ្ឌូស្ដង់, គេសរសេរកុលិសំដៅចំពោះតែទៅលើមនុស្សស៊ីឈ្នួលធ្វើការជាតិហិណ្ឌូឬចិន; គេបានយកពាក្យនេះទៅប្រើក្នុងប្រទេសអង់គ្លេស, តមកដល់ប្រទេសបារាំងសែស, ទើបផ្សាយមកក្នុងប្រទេសឥណ្ឌូចិនមានស្រុកខ្មែរជាដើម។
-
គូលីត នាម
ឈ្មោះសត្វបក្សីមួយប្រភេទរូបតូចជើងវែងកវែងសម្បុរប្រផេះពព្រុសជាពួកសត្វរត្តិចរចេញរកស៊ីតែក្នុងវេលាយប់។
-
គូលែន នាម
ឈ្មោះឈើមួយប្រភេទមានផ្លែជាអាហារ, ផ្លែមានសណ្ឋានប្រហែលផ្លែទៀបខ្មែរតែតូចជាងច្រើន, ស្រដៀងគ្នាស្ទើរចាប់ច្រឡំផ្លែសិរមាន់, មានគ្រាប់តែ១សណ្ឋានសាច់រុំគ្រាប់ដូចផ្លែមៀន, ស្លឹកវែងៗស្រួចចុង; ក្នុងកម្ពុជរដ្ឋមានសម្បូណ៌តែនៅភ្នំគូលែនក្នុងខែត្រសៀមរាប, ប៉ុន្តែមានផ្លែតូចៗហើយសាច់ស្ដើងៗទាំងរសជាតិក៏ជូរ, ចាញ់គូលែនដែលមកពីប្រទេសក្រៅ។
-
គូវិវាទ នាម
គូទំនាស់, គូបដិបក្ខ
-
គូស កិរិយាសព្ទ
ធ្វើឱ្យមានជួរស្នាម, ឱ្យមានជាគំនូស
-
គូសបញ្ជាក់ កិរិយាសព្ទ
សង្កត់ធ្ងន់, ផ្ដោតលើ, បង្ហាញនូវអ្វី ( ចំណុច ) ដែលសំខាន់ពិសេស
-
គូស្រករ នាម
គូស្វាមីភរិយាដែលមានអាយុស្រករគ្នា
-
គួង នាម
ម្ហូបមួយប្រភេទផ្សំពីសាច់ឆ្អិនលាយបន្លែស្រស់មូរខ្ចប់ដោយសំបកម្សៅ
-
គួចព្រលឹង កិរិយាសព្ទ
( សំនួន .) ជូនពរអ្នកណាម្នាក់ដោយការចងដៃឬផ្ដល់អំណោយក្នុងពិធីមង្គលណាមួយដូចជាពិធីកាត់សក់បង្កក់ឆ្មបជាដើម
-
គួប កិរិយាសព្ទគុណនាម
រួម, ផ្គុំ, ព្រួត
-
គួរ កិរិយាសព្ទ
សម, សមតែ, ល្មម, ល្មមតែ
-
គួរតែ គុណកិរិយា
( ម . ព . គួរ )។
-
គួរនា កិរិយាសព្ទ
ហាក់ដូច, បីដូច, ដូចជា
-
គួរសម គុណនាមគុណកិរិយា
សមរម្យប្រពៃថ្លៃថ្នូរសុភាពរាបសា, ដែលមានអាកប្បកិរិយាល្អដែលមានការគោរព
-
គួរីយេរ នាម
មនុស្ស, រថ, រថយន្ត, នាវាដែលដឹកនាំសំបុត្រស្នាមឬបញ្ញើផ្សេងៗជាដើម; សំណុំលិខិត, លិខិតផ្សេងៗដែលប្រមូលរួមជាសំណុំក៏ហៅថាគួរីយេរដែរ។
-
គួឡា នាម
សត្វប្រភេទខ្លាឃ្មុំមានមាឌតូចស្លឹកត្រចៀកធំនៅប្រទេសអូស្ត្រាលី។
-
គើមៗ គុណកិរិយា
ទើមៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។