វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 33 / 76
-
កាឡូរីមាត្រសាស្ត្រ នាម
វិធីសាស្ត្រវាស់បរិមាណកម្ដៅដែលចូលរួមនៅក្នុងបម្រែបម្រួលគីមីឬបម្រែបម្រួលរូប។
-
កាឡូរីមេទ្រី នាម
( ម . ព . កាឡូរីមាត្រសាស្ត្រ )។
-
កាឡូរីម៉ែត្រ នាម
ឧបករណ៍សម្រាប់វាស់កម្ដៅដែលត្រូវបានរំដោះឬស្រូបដោយលំនាំរូបឬលំនាំគីមីហើយដែលកកើតឡើងនៅខាងក្នុងនៃឧបករណ៍នោះ។
-
កាឡេ នាម
គ្រឿងនៃយានយន្តដែលតភ្ជាប់ពីប៉ុងទៅកង់សម្រាប់បង្វិល
-
កាឡៃ កិរិយាសព្ទ
ជ្រលក់កែប្រាក់ទៅជាមាស, កែស្ពាន់ជាប្រាក់ជាដើម។
-
កាំ នាម
អ្វីៗដែលរៀបជាជាន់, ជាថ្នាក់សម្រាប់ជាន់, សម្រាប់ទល់, សម្រាប់ទ្រ, សម្រាប់រង
-
កាំជណ្ដើរ នាម
ថ្នាក់នីមួយៗរបស់ជណ្ដើរសម្រាប់ជាន់ដើរមួយជំហានៗឡើងចុះ
-
កាំជ្រួច នាម
ឈ្មោះភ្ញីភ្លើងធ្វើពីរំសេវបុកបញ្ចូលក្នុងបំពង់ឫស្សីមានកន្ទុយវែងអុជទៅឡើងវែងអន្លាយទៅឯអាកាស
-
កាំជ្រួចទឹកក្ដៅ នាម
ខ្សែទឹកក្ដៅឬចំហាយទឹកដែលបាញ់ចេញមកពីក្នុងដី។ជាទូទៅវាមានទំនាក់ទំនងជាមួយនឹងសកម្មភាពនៃបន្ទុះភ្នំភ្លើងហើយកកើតឡើងដោយការឡើងកម្ដៅនៃទឹកក្រោមដីដែលកើតឡើងពីប្រព័ន្ធម៉ាក់ម៉ា។
-
កាំបិត នាម
ប្រដាប់ធ្វើដោយដែកមានមុខម្ខាង, មានដងម្ខាងតូចក៏មានធំក៏មាន, សណ្ឋានផ្សេងៗសម្រាប់ប្រើកាប់, កាត់, បិត, ចិត, អារ, ពន្លះជាដើម
-
កាំបិតកោរ នាម
កាំបិតតូចមួយបែបសម្រាប់កោរសក់ពុកមាត់រោមជាដើម
-
កាំបិតស្នៀត នាម
កាំបិតតូចមានស្រោមសម្រាប់សៀតចង្កេះ។
-
កាំបិតស្លា នាម
កូនកាំបិតម្យ៉ាងដែលមានផ្លែមួយអាចបត់បានប្រើសម្រាប់កាត់ស្លា។
-
កាំប្រមា នាម
កាំគឺព្រួញស្រួចៗជាជំនួសរោមរបស់ប្រមាដុះចេញវែងច្រូងច្រាងពេញទាំងខ្លួនសម្រាប់ប្រើជាអាវុធផ្ទាត់បាញ់ទម្លាក់ផ្លែឈើជាអាហារឬសម្រាប់ការពារខ្លួនវា។
-
កាំប្រាក់ នាម
កម្រិតឋានន្តរស័ក្ដិរបស់មន្ត្រីរាជការដែលទាក់ទងនឹងចំនួនទឹកប្រាក់នៃប្រាក់បៀវត្ស
-
កាំពន្លឺ នាម
បាច់នៃពន្លឺដែលមានមុខកាត់តូច។
-
កាំភ្លើង នាម
ឈ្មោះអាវុធធ្វើដោយដែកសម្រាប់បាញ់ប្រហារដោយអំណាចគ្រាប់, ម្សេវ; ជាទូទៅក្នុងរូបកាំភ្លើងធម្មតាមានដូចជាស្នូក, ដែកប្រហោង, កៃ, គន្លឹះតម្លោះកៃ
-
កាំភ្លោះ នាម
ដែក, ឈើ, ពក, ឫស្សីដែលមានប្រហោងបង្រុះរហូតសម្រាប់ផ្លុំគ្រាប់ឬបាញ់
-
កាំម្រឹត នាម
ឈ្មោះសំពត់ពណ៌ផ្សេងៗសាច់ជិតស្និទ្ធឡើងរលើបដូចព្រែនាំមកអំពីប្រទេសក្រៅ
-
កាំរន្ទះ គុណនាមនាម
ឈ្មោះដុំថ្មតូចៗមានរាងស្រដៀងនឹងផ្លែប៉ូវថៅជាដើមអ្នកស្រុកច្រើនយល់ថាកើតមកពីរន្ទះ។
-
កាំរស្មី នាម
បាច់ពន្លឺដែលចាំងចេញពីប្រភពណាមួយ
-
កិកកុក កិរិយាសព្ទគុណកិរិយា
រំអុក
-
កិកិ ឧទានសព្ទ
សូរឮដោយសម្រែកសត្វអ្វីមួយ។
-
កិង នាម
ដំបូល, ទូកឬផ្ទះមានដំបូលពីរថ្នាក់
-
កិច្ច នាម
ការដែលត្រូវធ្វើ, អំពើ, ការរវល់
-
កិច្ចកល នាម
ល្បិចកលឧបាយ
-
កិច្ចការ នាម
ការដែលត្រូវធ្វើ, ការងារជាមុខនាទីផ្ទាល់ខ្លួនដែលត្រូវធ្វើ។
-
កិច្ចការតុលាការ នាម
កិច្ចដែលត្រូវធ្វើក្នុងតុលាការ។
-
កិច្ចការផ្ទះ នាម
លំហាត់ឬការងារស្រាវជ្រាវដែលគ្រូដាក់ឱ្យសិស្សធ្វើនៅផ្ទះ។ ( អ្នកខ្លះនិយាយថាកិច្ចការ, ខ្លះហៅថាកិច្ចការសាលា )
-
កិច្ចការស្រាវជ្រាវ នាម
កិច្ចការឬប្រធានបទដែលសាស្ត្រាចារ្យដាក់ឱ្យនិស្សិតសិក្សាស្រាវជ្រាវជាបុគ្គលឬជាក្រុម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។