អករ៍
អត្ថន័យ (2)
-
1
នាម
អ្នកមិនធ្វើការអ្វី។
-
2
នាម
ពាក្យសម្រាប់ហៅស្ត្រីមានអាយុច្រើនដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តាប្រោសតាំងឱ្យមានយសធំជាងយាយ, ចាស់, ទុំទាំងពួងប៉ុន្តែឥតនឿយដោយធ្វើការអ្វីទេគ្រាន់តែចូលក្រាបបង្គំគាល់តាមពេលកំណត់ក្នុងព្រះរាជពិធីទំាងពួងម្ដងៗ, ក្រៅពីវេលានោះគ្រាន់តែនាំក្សត្រីឬចៅចមក្នុងព្រះបរមរាជវាំងទៅមកដោយកិច្ចណាមួយម្ដងៗប៉ុណ្ណោះ។អករ៍នេះរមែងជ្រើសរើសយកព្រះស្នំចាស់ៗក្នុងរជ្ជកាលមុនៗមកឱ្យធ្វើព្រោះជាអ្នកដឹងបែបបទទំនៀមទម្លាប់ច្រើន ( សរសេរក្លាយជាអកក៏មាន )។ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ( ព្រះបរមកោដ្ឋ ) ទ្រង់ព្រះមេត្តាប្រោសតាំងស្ត្រីទីអករ៍៩នាក់, ទីយាយ១២នាក់, ទីចាស់៤នាក់, ទីទុំ៤នាក់, រួមជា២៩នាក់។អករ៍៩នាក់នោះតាំងជាទីលោកព្រះ១, ទីអ្នកព្រះ៤, ទីអ្នក៤គឺទី១លោកព្រះអករ៍ចមក្សត្រី ( ជាអធិបតី ), ២អ្នកព្រះអករ៍មង្គលក្សត្រី, ៣អ្នកព្រះអករ៍ជាតីឧត្តម, ៤អ្នកព្រះអករ៍ធីតាភិរម្យ, ៥អ្នកព្រះអករ៍បទុមវង្សា; ៦អ្នកអករ៍រាជានុពង្ស, ៧អ្នកអករ៍រាជវង្សឧត្តលា, ៨អ្នកអករ៍ឯកអគ្គកញ្ញា, ៩អ្នកអករ៍សុតាជាតី។យាយ១២នាក់នោះតាំងជាទីលោកអ្នកយាយ៤, ទីអ្នកយាយ៤, ទីយាយ៤គឺ១លោកអ្នកយាយស្រីពិលាស, ២លោកអ្នកយាយឱភាសសួនស័ក្ដិ, ៣លោកអ្នកយាយនារីអន័គ្ឃ, ៤លោកអ្នកយាយវរលក្ខណ៍អនេក; ៥អ្នកយាយទេពកោមល, ៦អ្នកយាយកុសលភិសេក, ៧អ្នកយាយបវរអតិរេក, ៨អ្នកយាយឯកអគ្គក្សត្រី; ៩យាយបុរាណរាជ្យរម្យ, ១០យាយសមស័ក្ដិព្រឹទ្ធ, ១១យាយព្រេងសុចរិត, ១២យាយព្រឹទ្ធជរា។ទីចាស់បួននាក់គឺ១ចាស់រាជអមច្ចា, ២ចាស់បរិវារក្សត្រ, ៣ចាស់ជាបរិស័ទ, ៤ចាស់ចាត់បុរី។ទីទុំ៤នាក់គឺ១ទុំទទួលផ្ចង់, ២ទុំប្រុងប្រក្រតី, ៣ទុំគាប់ភក្ដី, ៤ទុំខ្មីបម្រើ។ហៅដោយរួបរួមទាំង៤ពួកថាអករ៍, យាយ, ចាស់, ទុំ
ឧទាហរណ៍ (ព.កា.) ឱ្យងាយចាំ) អករ៍យាយចាស់ទុំដែលព្រះបរម- កោដ្ឋក្សត្រិយ៍ក្សាន្តទ្រង់ប្រោសប្រទានងារទាំងប៉ុន្មានដើម្បីឱ្យបានទុកជាព្រះកេរ្តិ៍។ក្នុងកាលខាងមុខគួរជនចាំទុកឱ្យបានឋិតថេរកុំឱ្យបាត់សូន្យគួរកូនចៅខ្មែរកុំហ៊ានបង្វែរបំបែរបំបាត់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)