ទន្លេសាប
អត្ថន័យ
-
1
នាម
ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយស្រដៀងនឹងសមុទ្រតែមានទឹកសាប។ក្នុងកម្ពុជរដ្ឋយើងមានទន្លេសាបមួយនៅខាងទិសពាយព្យក្រុងភ្នំពេញជាទីសម្បូរមច្ឆជាតិបំផុតជាងបឹងជាងទន្លេឯទៀតក្នុងលោក។បើស្រាវជ្រាវរកដើមកំណើតពាក្យទន្លេសាបនេះគួរយល់ថាសៀមហៅសមុទ្រថាទះលេ ( អ . ថ . ថៈល៉េ ), សាបខ្មែរថា " មិនប្រៃ ", សៀមថាចឺត ( អ . ថ . ជឺត " មិនប្រៃ "), គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថាទះលេចឺត ( ថៈល៉េជឺត ) =" សមុទ្រសាប ", មិនដូច្នោះទៅជាទះលេសាបទះលេជាពាក្យសៀម, សាបជាពាក្យខ្មែរ, សៀមថាទះលេ " សមុទ្រ ", ខ្មែរថាទន្លេ " មហានទី ", ទន្លេសាបថា " ទន្លេមិនប្រៃ " គឺទន្លេមានទឹកសាប, តើមានទន្លេប្រៃនៅឯណាដែរឬទេ? គ្មានទេ, បើគ្មានទន្លេប្រៃទេម៉េចក៏មានទន្លេសាប? បើខ្មែរហៅបឹងធំនោះថាសមុទ្រសាប, សៀមថាទះល៉េចឺតយ៉ាងនេះវិញទើបសម។ប៉ុន្តែយើងកែពាក្យនេះឱ្យទៅជាសមុទ្រសាបឬទះលេចឺតវិញពុំកើតទេព្រោះពាក្យថាទន្លេសាបនេះមានចុះក្នុងផែនទីលោករួចទៅហើយ, ក្នុងសកលលោកគេស្គាល់ថាទន្លេសាបឬទះលេសាបអស់ទៅហើយ, ត្រូវតែទុកឱ្យនៅដូចដែលពុំគួរកែឡើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)