ត្រស្តិ
អត្ថន័យ
-
1
នាម
ឈ្មោះព្រះរាជពិធីមួយប្រភេទធ្វើក្នុងវេលាយប់១៤រោចខែផល្គុន; ក្នុងរជ្ជកាលពីបុរាណហៅថាពិធីបញ្ជាន់ត្រស្ដិ, សម័យឥឡូវហៅថាពិធីភាណយក្ខឬពិធីសូត្រភាណយក្ខ។ពាក្យថាត្រស្តិនេះក្លាយមកពីភាសាសំស្ក្រឹតថាត្រុដកិ . " កាត់, ផ្ដាច់ "; ត្រុដិន . " ដំណើរកាត់, ការផ្ដាច់ "; ក្នុងព្រះរាជពិធីនេះសំដៅយកសេចក្ដីថា " ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី "; មានទំនងជាលំអានឱ្យយល់បានថាកាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថាពិធីត្រុដិឬពិធីបញ្ជាន់ត្រុដិព្រោះសព្វថ្ងៃនេះបណ្ដាជនក្នុងខែត្រសៀមរាបនៅហៅភ្លេង, ចម្រៀងមួយប្រភេទថាភ្លេងត្រុដិ, ច្រៀងត្រុដិ ( ត្រុត ), គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី, សហេតុឱ្យយល់ច្បាស់ថាត្រុដិនេះហើយក្លាយមកជាពាក្យថាត្រស្ដិ។ពិធីបញ្ជាន់ត្រស្ដិនេះពីបុរាណជាន់ដើមចួនណាលោកហៅថាពិធីសម្ពច្ឆរច្ឆិន្នឬសម្ពច្ឆរច្ឆិន្នពិធី " ពិធីផ្ដាច់ឆ្នាំ "។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)