ឥណ្ឌូស៊ីន
អត្ថន័យ
-
1
នាម
ឈ្មោះភូមិប្រទេសមួយប៉ែកធំក្នុងទ្វីបអាស៊ីនៅត្រង់ចន្លោះប្រទេសឥណ្ឌានិងប្រទេសចិនគឺប្រទេសឥណ្ឌូស៊ីន, សម័យពីមុនមាន៨អន្លើគឺប្រទេសភូមា, ម៉ាលក្កា, សៀម, ខ្មែរ, កូស័ងស៊ីន, អណ្ណាម, តុងក័ង, លាវ។បើតាមកំណើតពាក្យនេះគួរប្រើជាឥណ្ឌូចិន, ប៉ុន្តែខ្មែរធ្លាប់ប្រើជាឥណ្ឌូស៊ីនថ្នឹកមកយូរហើយ។សម័យតមកកូស័ងស៊ីនប្រែឈ្មោះជាវៀតណាមខាងត្បូង, អណ្ណាមជាវៀតណាមកណ្ដាល, តុងក័ងជាវៀតណាមខាងជើង។ក្នុងសម័យបុរាណព្រេងនាយហៅប្រទេសឥណ្ឌូស៊ីននេះ, ត្រង់ប៉ែកខាងលិចនិងប៉ែកកណ្ដាល, ថាសុវណ្ណភូមិ " ផែនដីមាស, ប្រទេសមាស " ឬ " ជ្រោយមាស "។ក្នុងសតវត្សរ៍ទី៣នៃពុទ្ធសករាជ, ព្រះអរហន្តពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរបានមកប្រកាសពុទ្ធសាសនានៅសុវណ្ណភូមិតាមព្រះរាជនិមន្តនៃព្រះបាទធម្មាសោកនិងថេរបញ្ជានៃព្រះមហាមោគ្គល្លីបុត្តតិស្សត្ថេរ ( មានសេចក្ដីពិស្តារនៅក្នុងពុទ្ធសាសនប្បវត្តិ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)