អា
អត្ថន័យ (3)
-
1
សព្វនាម
បុរិសសព្វនាមជាពាក្យទាបឥតគួរសមនិយាយចំពោះទៅរកមនុស្សប្រុសដែលជាក្មេងតូចឬមនុស្សតូចទាប, មនុស្សស្មើភាពដែលស្និទ្ធស្នាលនឹងគ្នាណាស់, ភឿន, ក្លើឬហៅចោរ, មនុស្សទោស, សត្វតិរច្ឆាន ...
ឧទាហរណ៍ អាណា?, អានេះ, អានុះ, អាហ្នឹង, អានោះ, អាឯង; អាណុប, អានាង, អាតូច, អាច្រមក់, អាវ៉ា; អាង៉ែត, អាសម្លាញ់, អាភឿន, អាក្លើ; អាចោរ, អាចោរកំណាច; អាធ្លកសេះអ្នកមានល្បឿនស្មើគ្នានឹងអាខ្មៅសេះខ្ញុំដែរ។សុន្ទរោវាទយុវជនទាំងឡាយអើយ! គួរអ្នកកុំហៅគ្នា "អា", គួរហៅគ្នាអ្នកថា "បង" ថា "ប្អូន" (តាមបងតាមប្អូន) ឬហៅថា "នាយ" គឺ "នាយនេះ, នាយនោះ" ដូច្នេះវិញទើបឈ្មោះថាអ្នករាល់គ្នាជាមនុស្សសុភាពត្រូវតាមក្រឹត្យដែលអ្នកបានរៀនមក!។
-
2
នាម
ឈ្មោះរង្វាស់ផ្ទៃដីមួយប្រភេទស្មើនឹង១០០ម៉ែត្រការ៉េ
ឧទាហរណ៍ ដីចម្ការឪឡឹក៣០អា។
-
3
ឧទានសព្ទ
ពាក្យលាន់មាត់ដោយការងឿងឆ្ងល់, ដោយការភ័ន្តច្រឡំ; ដោយការភ័យស្លន់, ដោយភ្ញាក់ឬដោយបានយល់សេចក្ដីជាក់ច្បាស់; ដោយអំណរជាដើម
ឧទាហរណ៍ អា! អ្វីហ្ន៎!; អា! ដូច្នោះទេឬ?; អា! អញ្ជើញមក! ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)