ស្រី
អត្ថន័យ (2)
-
1
នាម
ពាក្យសម្រាប់ប្រើជាសាធារណៈឃ្លាតមកពីពាក្យសំស្ក្រឹតថាស្ត្រីគឺមនុស្សជាតិដែលមានភេទទីទៃពីប្រុស ( បុរិសៈឬបុរស ), ទីទៃពីខ្ទើយ ( បណ្ឌក ); ត្រូវប្រើឱ្យស្របគូគ្នាថាស្រីប្រុសឬប្រុសស្រី; កុំប្រើថាស្ត្រីប្រុសឬបុរសស្រីឡើយ, ត្រូវប្រើថាបុរសស្ត្រីឬស្ត្រីបុរសទើបស្របគ្នា
ឧទាហរណ៍ ប្រុសស្រីជាប្ដីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា (ប្រើពាក្យស្របគ្នាយ៉ាងនេះទើបសម)។ (ព.កា.) ថាស្រីប្រុសទាំងទ្វីជាគូមានពីបុរាណព្រេងនាយស្រីជាប្រពន្ធប្រុសទោះសម្ទាយបណ្ឌិតទាំងឡាយឱ្យឈ្មោះថាប្ដី។ស្ត្រីនិងបុរសក្នុងលោកទាំងអស់ភរិយាស្វាមីគឺប្ដីប្រពន្ធហ្នឹងឯងលោកស្ដីជនក្នុងលោកីយ៍ហៅបានតាមថ្នាក់។ប្ដីជាអ្នករកទ្រព្យធនបានមកប្រពន្ធទុកដាក់ចាស់ទុំបុរាណបានពោលបញ្ជាក់ឱ្យនាងឱ្យអ្នកចងចាំគ្រប់ប្រាណ។សំណាបយោងដីរីឯស្រីៗយោងប្រុសសាមាន្យទោះមារយាទខ្សោយក៏ដោយបើបានស្រីមានសន្តានខ្ជាប់ខ្ជួនមួនមាំ។តែងបានចម្រើនទ្រព្យាកើតកើនព្រោះស្រីថែទាំចាត់ចែងទុកដាក់ចេះលាក់សន្សំសង្វាតខិតខំរក្សាឱ្យគង់។ល។មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត៨ប្រការជាមង្គលរបស់ស្រី, យើងយល់ឃើញថាគួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះដើម្បីរក្សាព្រះកេរ្តិ៍ទុកឱ្យបានឋិតថេរចីរកាលតវែងឆ្ងាយទៅ; ព្រះរាជនិពន្ធនោះដូចតទៅនេះថា៖នេះនឹងសម្ដែងបរិយាយចារចែងដើមបទអដ្ឋា- ហិឋានេហិសុចរិតាឥត្ថីលក្ខណាមង្គលច្នេះពិត។ប្រែថាស្រីជាកើតកបលក្ខណាដោយនូវសុចរិតមង្គលប្រាំបីឱ្យស្រីពិនិត្យចាំយកជាក្រឹត្យគ្រប់រូបស្រីៗ។ដើមបទព័ណ៌នាលោកថាស្រីជាសុចរិតភក្ដីឫករាបស្រគត់ផ្គង់ផ្គត់សម្ដីការកេរ្តិ៍ខ្មាសស្រីបរិសុទ្ធមែនមួន។លោកថាស្រីត្រង់កាន់សុចរិតផ្គង់គំនិតចេះស្ងួនអស់ទ្រព្យសម្បត្តិប្រយ័ត្នថែធួនទុកដាក់ខ្ជាប់ខ្ជួនមិនមានប្រមាទ។លោកថាស្រីគាប់កាន់សុចរិតខ្ជាប់ឧស្សាហ៍សង្វាតធ្វើការសន្សំតឿនខ្ញុំឱ្យឃ្មាតឱ្យខ្មីសង្វាតមិនមានស្ងៀមដៃ។លោកថាស្រីប្រាជ្ញសុចរិតអង់អាចចេះអធ្យាស្រ័យញាតិព្រៀងទៅមករាប់រករួសវៃទោះជនដទៃក៏រាប់តាមពិត។លោកថាស្រីស្អាតសុចរិតគ្មានឃ្លាតមែនមានគំនិតចេះរៀបអាហារភ្នាក់ងារស្រីពិតរណ្ដាប់ផ្គាប់ចិត្តប្ដីគ្រប់វេលា។លោកថាស្រីស្មោះកាន់សុចរិតឆ្ពោះចាំចិត្តស្នេហាតែនឹងអង្គប្ដីឥតបីរេរាស្ម័គ្រស្មោះស្មើជានិត្យនៅរៀបរៀង។លោកថាស្រីស្លូតសុចរិតរហូតអបអត់ឥតល្អៀងតាមពាក្យប្ដីផ្ដាំចងចាំទុកទៀងពោលពាក្យមិនឃ្លៀងមិនឃ្លាតសត្យា។លោកថាស្រីស្មើសុចរិតស័រពើអាចរងធានាទម្ងន់ចិត្តប្ដីទោះបីទុក្ខាខ្សត់ក្រម្ដេចម្ដាអាចទទួលប្រាណ។សុចរិតប្រាំបីជាមង្គលស្រីប្រសើរក្រមានអ្វីមកផ្ទឹមផ្ទាល់ឱ្យដល់នេះបានស្រីណាអាចធ្យានចិត្តចាំរៀនយក៍។ទាំងប្រាំបីច្បាប់ហៅស្រីមហាគាប់លោកីយ៍កម្រស្រីកាន់សុចរិតប្រព្រឹត្តល្អិតល្អស្រីណាថាក្រធ្វើតាមពុំបាន។លោកថាស្រីនោះចិត្តអាក្រក់ស្មោះស្អប់ដំបូន្មានផ្សាដោយសារចិត្តទុច្ចរិតសន្តានបង្ហិនធនធានចើកអាសមាយា។ក្ដីជួច្រើនកលក្រដឹងចេះដល់លែបខាយពុតវាបើចិត្តចង់ស្រាប់ចង់ស្ដាប់ហាក់ជាងាយដាយសោះសាចេះឯងដឹងឯង។ឯត្រង់ច្បាប់ល្អតិចទេយល់ក្រកម្រក្រៃលែងក្រព្រោះមិនចង់ប្រុងអង្គឱ្យស្ដែងក្រដោយចិត្តល្បែងចំណង់តណ្ហា។អំពើសុចរិតអធ្យាស្រ័យចិត្តសម្អាតឧស្សាហ៍ស្មើស្មោះស្លូតត្រង់ផ្គត់ផ្គង់ក្រឹត្យាប្រាំបីនេះណាសុចរិតប្រាកដ។ឯសុចរិតស្រីផ្គត់ផ្គង់ស្វាមីលោកឱ្យអបអត់ឱនអៀនចិត្តទន់ចេះគន់បែបបទតាមតែចិត្តពត់ម្ដេចៗតាមបាន។មិនមានប្រកែកមិនមានជជែកថាធ្វើមិនបានទោះអៀនអន់អត់សង្កត់ចិត្តប្រាណតាមចិត្តប្ដីធ្យានម្ដេចៗមិនថា។ច្បាប់នេះគួរស្រីនៅនាលោកីយ៍ផ្ចង់ចិត្តឧស្សាហ៍កាន់ក្ដីសុចរិតជាក្រឹត្យថ្លៃថ្លាឱ្យខ្ជាប់ជាក់ជាចរិតសព្វថ្ងៃ។កាន់បានដូច្នោះនឹងឮកេរ្តិ៍ឈ្មោះប្រសើរពេកក្រៃនឹងបានសាន្តសុខចៀសទុក្ខចង្រៃដល់បរលោកថ្លៃសោយសុខសួគ៌សិទ្ធ។សំដែងសេចក្ដីពីមង្គលស្រីប្រសើរពេកពិតគ្រប់ទាំងប្រាំបីក្រឹត្យស្រីសុចរិតចែងចប់ភាសិតតាមព្រះបាលី។ I៚ (បើពេញចិត្ត, គួរទន្ទេញឱ្យចាំរត់មាត់, ជាការប្រពៃពេក)។
-
2
នាម
សិរី។ខ្មែរច្រើនប្រើជាពាក្យរួមពីខាងដើមសព្ទដទៃ, ដូចជាព្រះស្រីសព៌េជ្ញព្រះសព៌េជ្ញមានសិរី ( ព្រះសព្វញ្ញុពុទ្ធ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)