ផាឌិប
អត្ថន័យ
-
1
នាម
សំពត់ឆៅគឺសំពត់ដែលគេត្បាញដោយអំបោះឆៅឥតឱ្យបាយជូរ ( ត្បាញដោយគ្រឿងចក្រ )។ខ្មែរក្នុងសម័យពីដើមក៏ត្បាញសំពត់ប្រភេទនេះដែរប៉ុន្តែមានឱ្យបាយជូរផង, លុះចំណេរកាលតមកសំពត់បរទេសប្រភេទនេះបានផ្សាយមកដល់ប្រទេសសៀមជាមុនសៀមហៅសំពត់នេះថាផាឌិប, លុះផ្សាយពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជាខ្មែរក៏ហៅផាឌិបតាមសៀម។លុះចំណេរកាលបន្ទាប់ពីនោះមក, មានសំពត់បរទេសមួយប្រភេទផ្សេងទៀតសាច់ម៉ដ្ឋល្អជាងផាឌិបបានផ្សាយចូលមកដល់កម្ពុជរដ្ឋខ្មែរក៏ហៅសំពត់សប្រភេទក្រោយថាសំពត់ទេស ( ព្រោះមកពីបរទេសឬពីប្រទេសក្រៅ ), លុះតៗតាមលំដាប់កាលមកទៀតសំពត់ទេសនោះកាន់តែមានច្រើនបែបមក, សំពត់ទេសណាដែលល្អជាងមុន, ខ្មែរក៏ហៅសំពត់នោះថាទេសឯក, ទេសឯកនេះក៏កាន់តែមានច្រើនបែបឡើងឈ្មោះផ្សេងៗគ្នាក៏ចេះតែមានច្រើនឡើងតាមលំដាប់កាល, ដូចជាទេសឯកសំបកទទិម, ទេសឯកផ្កាជាដើម។លុះមកដល់សម័យសង្គមរាស្ត្រនិយមដែលមានសម្ដេចព្រះនរោត្តមសីហនុជាព្រះប្រធានជាប្រមុខរដ្ឋក៏កើតមានរោងចក្រវាយនភណ្ឌ ( រោងចក្រត្បាញសំពត់ ) កើតបន្តគ្នាច្រើនឡើងៗ, សំពត់ខ្មែរក៏ចេះតែមានបរិបូណ៌តាមលំដាប់កាលមានឈ្មោះថាសំពត់សង្គមរាស្ត្រនិយម, ឬហៅកាត់ខ្លីសំពត់សង្គមប្រជាពលរដ្ឋខ្មែរក៏រីករាយសប្បាយជាអនេក។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)